ឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែត The Nation Thailand ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដែលថា អភិបាលខេត្តស្រះកែវ បានសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានផ្ញើលិខិតមួយច្បាប់ភ្លាមៗទៅអភិបាលខេត្តស្រះកែវ។
ក្នុងលិខិតនោះ អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានលើកឡើងថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅលើទឹកដីថៃគឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។
ក្នុងករណីដែលការចេញប័ណ្ណនេះធ្វើឱ្យ ប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
សូមជំរាបជូនថា បើយោងតាមកាសែត The Nation លោក ប៉ារីនយ៉ា ផូធីសាត់ (Parinya Phothisat) អភិបាលខេត្តស្រះកែវ ប្រទេសថៃ បានប្រាប់ឱ្យពលរដ្ឋថៃនៅភូមិណងចាន់ តំបន់ជុំវិញបង្គោលព្រំដែន ៤៥-៤៩ អាចទៅស្នើសុំបណ្ណសុំប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការចាប់ពីថ្ងៃចន្ទនេះនៅការិយាល័យដីធ្លីខេត្តស្រះកែវ សាខាអារញ្ញប្រាថេត។
ប្រជាជនថៃ បានអះអាងថា ប្រជាជនកម្ពុជាបានកាន់កាប់ផ្នែកខ្លះនៃភូមិណងចាន់ ឬភូមិព្រៃចាន់ អស់រយៈពេលជាង ៤០ ឆ្នាំ មកហើយ ក្រោយពីប្រជាជនកម្ពុជាបានជ្រកកោនបណ្ណោះអាសន្នក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៧៕
