ក្រោយពីបានសិក្សាស្រាវជ្រាវរុករកអស់រយៈពេលប្រមាណ ១៤ឆ្នាំ ដោយក្រុមហ៊ុន រ៉ីនេសង់ មីនើរ៉ល របស់អូស្រ្តាលី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ កម្ពុជានឹងប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បើតាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង ហើយគេរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀតក្រោយរយៈពេលដំបូងនេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។ ហើយថវិកាទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
