កាលពីថ្ងៃព្រហស្បតិ៍ ធនាគារជាតិ នៃកម្ពុជា បានបើកកិច្ចប្រជុំមួយជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញនិងលំហូរចេញនៃមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ ។ ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះមានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។
ជាមួយគ្នានេះ បើផ្អែកលើទិដ្ឋភាពបច្ចេកទេសវិញ ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណ ចេញ- ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ ក៏កន្លងមកធនាគារជាតិនៃកម្ពុជាបានសម្រួលការដឹកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលអាមេរិក មកប្រើប្រាស់ នៅកម្ពុជា។ ដោយឡែកចំពោះក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច និងចាស់ ទក់ រហែក ធនាគារជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយហេតុថា ការដឹកចេញក្រដាសប្រាក់ទាំងនេះ ត្រូវចំណាយពលកម្មនិងថវិកាខ្ពស់ ដែលខុសពីក្រដាសប្រាក់រៀលដែលធនាគារជាតិនៃកម្ពុជាអាចកាត់និងកម្ទេចចោល ហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។
ដោយហេតុនេះហើយ ធនាគារជាតិនៃកម្ពុជាក៏បានសម្រេចថា នឹងផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ហើយបន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ៕
