អ្នកចាក់វ៉ាក់សាំងលេខរៀងទី២លាន ត្រូវបានគេរកឃើញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលបានទៅលើឈ្មោះ ទិត ចិន្តា ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មកការិនីរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើទំព័រ facebook ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១ បានទៅលើលោក ហ៊ុន ម៉ាណែត ហើយនៅថ្ងៃ១១ ខែ មេសា ឆ្នាំ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំង គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលពេលនោះ គាត់ទទួលបានរង្វាន់១០លានរៀលផងដែរ។ ហើយនៅថ្ងៃទី១៤ ខែ ឧសភា នេះ យើងរកឃើញមនុស្សទី២លាន ដែលបានទៅឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀតពីសម្តេច ហើយលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង នឹងប្រគល់ទឹកប្រាក់នោះជូន។
បើតាមសម្តេចតេជោ ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះ ហើយគិតមកទល់ថ្ងៃនេះយើងចាក់បាន២លាននាក់ ដែល
ស្មើនឹង២០ភាគរយរួចទៅហើយ។ សម្តេចថា ការចាក់វ៉ាក់សាំងនេះ កំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។
ជាមួយគ្នានេះ សម្តេចក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំបារម្ភ ដោយថា រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នា គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕
