យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។
តាមការបញ្ជាក់របស់ក្រសួងថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ឬនៅធនាគារអេស៊ីលីដា ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមក្រសួងសេដ្ឋកិច្ចថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមកតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕
