រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ ដែលមានការគ្រប់គ្រងសហគមន៍បានល្អ ហើយនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។
យ៉ាងណាក៏ដោយ គម្រោងនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីយល់ព្រមហើយ តែក្រសួងទេសចរណ៍ត្រូវធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ៕
