ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយភោជនីយដ្ឋានថ្មដា ផ្លូវតូចលេខ១៣៤(z) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កំពុងមានចម្ងល់ថា ផ្លូវចេញ-ចូល មានទំហំតូចស្រាប់ទៅហើយ បែរជាខាងភោជនីយដ្ឋាន បានរៀបចំធ្វើរបង រំលោភធ្វើឱ្យផ្លូវកាន់តែតូចង្អៀត។
ប្រជាពលរដ្ឋបានបង្ហាញពីក្តីព្រួយបារម្មណ៍ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវកាន់តូចចង្អៀត ចំណែកម្ចាស់ ហាង ថ្មដា កាន់តែរំលោភផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនទៅវិញ។ គេមិនដឹងថា ការពង្រីកទីធ្លាខាងក្រោយ ហាងថ្មដា នេះ ធ្វើឡើងដើម្បីអ្វីនោះទេ។
ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអភិបាលខណ្ឌ រួមជាមួយលោក អធិការខណ្ឌ៧មករា មេត្តាជួយចុះពិនិត្យ និងណែនាំដល់ម្ចាស់ភោជនីដ្ឋាន ថ្មដា នេះផង ព្រោះប្រសិនបើ មានករណីណាមួយ កើតឡើងជាយថាហេតុ គឺអាចបង្កជាហានិភ័យខ្លាំងណាស់។ បើទោះបីជាយ៉ាង ណា ប្រជាពលរដ្ឋ នៅតែឆ្ងល់ថា ម្ចាស់ភោជនីយដ្ឋាន ថ្មដា មានសិទ្ធអំណាច ធ្វើរបង រំលោភយក ទីតាំងផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធរបស់ខ្លួនទៅវិញ។
បើតាមការបញ្ជាក់ ពីលោកស្រី ស៊ូ គឹមឡេង ចៅសង្កាត់មនោរម្យ បានឱ្យដឹងថា អាជ្ញាធរបានចុះណែនាំ និងធ្វើកំណត់ហេតុចំនួន៣ដងរួចមកហើយ ប៉ុន្តែម្ចាស់ទី តាំងនៅតែបន្តធ្វើរហូត ទាល់តែរួចរាល់។ ក្នុងករណីនេះ អាជ្ញាធរខណ្ឌ៧មករា នឹងចាត់ឱ្យមន្រ្តីសាលាខណ្ឌ រួមជាមួយមន្រ្តីភូមិបាល ចុះទៅត្រួតពិនិត្យ និងដោះស្រាយបញ្ហារំលោភផ្លូវសាធារណៈនេះ ជូនប្រជាពលរដ្ឋ។
បើទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលរស់ នៅផ្លូវក្រោយភោជនីយដ្ឋាន ថ្មដាឱ្យដឹងថា ម្ចាស់ហាងនេះ បានបិទរបង ដើម្បីជួសជុល រាប់ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ គេសង្កេតឃើញថា ម្ចាស់ទីតាំងបែរជា សង់សំណង់រឹងមាំ រំលោភយកផ្លូវសាធារណៈនេះទៅ វិញ។ ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជួយពិនិត្យ លើសំណង់ ក្រោយភោជនីដ្ឋានថ្មដានេះផង។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ច ប្រជុំមួយ ដោយបានបានបញ្ជាក់ថា៖ អាជ្ញាធរ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានឱ្យបានស្អាតនៅតាមផ្លូវឌឿងហែម ក្នុងមូលដ្ឋានខ្លួនកុំចាំដល់ពេលមានអាសន្ន ដូចជាភ្លើងឆេះ ឡានទឹកចូលអន្ដរាគមអតបានទើបរៀបចំ៕
