ខេត្តក្រចេះ៖ ទីតាំងរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅភូមិអូរត្រូន ក្នុងស្រុកអូរគ្រៀងសែនជ័យនៅតែបន្តធ្វើ សកម្មភាពបើទោះបីជាអាជ្ញាធរមូលដ្ឋាននិងជំនាញចុះអប់រំណែនាំឲ្យរុះរើសម្ភារកាលពីពេលថ្មីៗនេះក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥នេះ សកម្ម ភាពរ៉ែមាសខុសច្បាប់មួយចំនួនស្ថិតនៅក្នុងភូមិអូត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនៅតែបន្តមានធ្វើសកម្មភាពដោយមិនខ្លាចពីការបង្ក្រាបពីមន្ត្រីជំនាញនោះទេ។
មន្ទីរ៉ែនិងថាមពលខេត្តក្រចេះធ្លាប់បានចេញសេចក្ដីបំភ្លឺកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា “ទីតាំងរ៉ែមាសជាច្រើនកន្លែង កំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀង សែនជ័យ ខេត្តក្រចេះ” ត្រូវបានលោកមេភូមិឧបសម្ព័ន្ធអូរត្រូន និង តំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យពួកគាត់ រុះរើសម្ភារ និងបញ្ឈប់ សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះ រួចរាល់ហើយ ។
សេចក្ដីបំភ្លឺក៏បានបញ្ជាក់ថា បើទោះបីជាមានការណែនាំជាបឋម ពីអាជ្ញាធរមូលដ្ឋាន និងតំណាង ក្រុមហ៊ុនរួច ហើយក្តី មន្ទីរនឹងបន្តចុះតាមដាន ឃ្លាំមើល ក្នុងករណីប្រទះឃើញមានការប្រព្រឹត្តបទល្មើស ខាង លើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥នេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះបានប្រាប់ថា ក្រុមការងារនឹងចុះត្រួតពិនិត្យណែនាំឱ្យឈប់ និងបន្តនីតិវិធី ៕
