ខេត្តតាកែវ ៖ លោក ម៉ែន លី ស្នងការនគរបាលខេត្ត តាកែវ បានបន្តអនុវត្តតាមការណែនាំរបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បង្ក្រាបនិងទប់ស្កាត់ឲ្យអស់រាល់រថយន្តដឹកសំពីងសំពោងនៅលើផ្លូវក្នុងភូមិសាស្ត្រ ខេត្តតាកែវ ។ ជាក់ស្ដែងពេលនេះនៅលើដងផ្លូវជាតិសំខាន់ៗប្រជាពលរដ្ឋកត់សម្គាល់ឃើញថា មិនសូវឃើញមានរថយន្តដឹកទំនិញសំពីង សំពោងដូចមុនឆ្លងកាត់ទៀតទេ។
មិនតែប៉ុណ្ណោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ក៏មិនឃើញមានកើតបញ្ហាគួរឲ្យកត់សម្គាល់ដែរ។ ការរិះគន់កង កម្លាំងនគរបាលចរាចរណ៍នៅលើដងផ្លូវ តាមបណ្ដាញសង្គមក៏កាត់បន្ថយជាច្រើន។ នេះមានន័យថា ទាំងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាអ្នកដឹកទំនិញ
បានយល់អំពីអ្វីដែលជាសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់កម្លាំងនគរបាលខេត្តតាកែវ ក្នុងការបង្ក្រាបចំពោះរថយន្តដឹកទំនិញសំពីងសំពោងជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ គឺអនុវត្តតាមបទបញ្ជារយ៉ាងម៉ឹងម៉ាត់របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដតាកែវ ក្នុងអង្គប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងឲ្យអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ។
ក្រោយបញ្ចប់អង្គប្រជុំ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ បានចេញបញ្ជាឲ្យកម្លាំងនគរ បាលក្រុង -ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ ធ្នាប់ចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោងដល់បានកាត់បន្ថយយ៉ាងច្រើនបញ្ហាសណ្តាប់ធ្នាប់និងកាត់បន្ថយយ៉ាងច្រើនផងដែរចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋអបអរសាទរចំពោះចំណាត់ការដូចភ្លៀង រលឹមរបស់កម្លាំងស្នងការនគរបាលខេត្តតាកែវ ដែលពេលនេះគឺជាមោទនភាពមួយផងដែរ ក្នុងការធ្វើឲ្យប្រសើរឡើងចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងសណ្ដាប់ធ្នាប់នៅនៅលើផ្លូវជាតិក្នុងខេត្តតាកែវ៕
