(ខេត្តកំពត-កែប)÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខេត្ត ចុះពិនិត្យការកំណត់ផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងហេដ្ឋារចនា សម្ព័ន្ធ សម្រាប់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។
ការចុះពិនិត្យទីតាំងទី១ស្ថិត នៅក្នុងភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ,ទីតាំងទី២នៅភូមិអន្លង់ធ្លក ឃុំ អំពេង ស្រុកដំណាក់ចង្អើរនិងទីតាំងទី៣នៅចំណុចឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប មានការចូលរួមពីឯកឧត្តមសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប។
ការចុះត្រួតពិនិត្យកំណត់ផ្ទៀងផ្ទាត់និយាមកា និងបោះ បង្គោលព្រំដី តាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនៅពេលនេះដើម្បីរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនៅតាមសងខាងតំបន់ព្រែកជីកហ្វូណនតេជោ ដោយនៅក្នុងនោះមានដូចជាគម្រោងផែរណប គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ គម្រោងទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍទេសចរណ៍ តំបន់តភ្ជាប់ជាមួយប្រព័ន្ធធារាសាស្រ្ត តភ្ជាប់ជាមួយច្រករបៀង និងតំបន់ប៉ូលសេដ្ឋកិច្ចផ្សេងទៀត៕
