Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ឃាត់មុខសញ្ញា​គ្រឿងញៀន៤​នាក់​នាំ​ខ្លួនដល់អធិការ​ដ្ឋាននគរបាលស្រុក​បាណន់ដោះ​លែង​​វិញ​​ទាំង​យប់ខណៈលោកស្នងការបញ្ជាឲ្យស្រាវជ្រាវ

ខេត្តបាត់ដំបង​ ៖ យោង​តាម​ប្រភព​ព័ព៌មាន​ពី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​បាណ​ន់​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៤​នាក់ ជាមួយនឹង​ការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង តែ​នៅ​ពេល​នាំ​ខ្លួន​ទៅ​ដល់​អធិការ​ស្រុក​បាន​ត្រឹ​ម​មួយ​ដង្ហើម ចង្រិត ​ក៏​បាន​ដោះ​លែង​ក្រុម​ជន​សង្ស័យ​វិញ​ទាំង​យប់ ក្រោយ​ពី​ដឹង​ថា ឃាត់ខ្លួន​ជនសង្ស័យប៉ះ​ចំ​ខ្សែ​មន្ត្រី
​នគរបាល​គ្នា​ឯង​នៅ​ក្នុង​អធិការ​ដ្ឋាន ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា មុខសញ្ញា​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​គ្រឿង​​ដែល​ត្រូវ​មន្ត្រី​ជំនាញ អធិការ​ស្រុក​បាណ​ន់​ឃាត់ខ្លួន​ទាំង​០៤​នាក់​នោះ ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​គឺ​ឈ្មោះ រ៉​ន ដា តែ​បក្សពួក​០៣​នាក់​ទៀត​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ​ ។

សាក្សី​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម បាន​ចុះ​ទៅ​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យនៅ​រសៀល​ថ្ងៃ​ទី ២៧ មិថុនា នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ សមត្ថកិច្ច​បាន​ចាប់​វ៉ៃ​ខ្នោះដៃ​ជាប់​គ្នា ហើយ​ឲ្យ​ពួក​គេ​អង្គុយ​មួយ​កន្លែង និង​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ដែល​គេ​សង្ស័យ​ជា «​ថ្មាំ​ញៀន​» ។

ក្រោយ​ត្រួត​ពិនិត្យ​ និងប្រមូល​បាន​ភស្ដុ​តាង គេ​ឃើញ​សមត្ថកិច្ច​ក៏​ដឹក​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់ ចេញ​ទៅ​កាន់​អធិការ​ដ្ឋាននគរបាលស្រុក​បាណ​ន់​ ។ ប៉ុន្តែ​គេ​មិន ដឹង​ហេតុផល​ច្បាស់លាស់​ចាប់​មនុស្ស​ច្រឡំ ឬ យ៉ាង ណា​នោះ​ទេ ស្រាប់តែ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ មិថុនា បែរជា​គេ​ឃើញ​ក្រុម​ជនសង្ស័យ​មក​ដល់​ផ្ទះ​រៀង​ៗ​ខ្លួន​ ។

ប្រភពបានបន្ថែមថា គេ​ឃើញ​ម្នាក់​ឈ្មោះ រ៉​ន ដា កំពុង​រើអុស​ទម្លាក់​ពីលើ​គោ​យន្ត​ធ្វើ​ព្រងើយ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជ្រួញ​ចិញ្ចើម​ឆ្ងល់​គ្រប់​ៗ​គ្នា​ ។ បើ​តាម​ប្រភព​ព័​ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៤​នាក់​នោះ មាន​ម្នាក់ (​សុំ​លាក់​ឈ្មោះ​) ជាប់​ជា​សាច់ញាតិ​មន្ត្រី​ម្នាក់​នៅ​ក្នុង​អធិការ​ដ្ឋាននគរបាល​ស្រុក​បាណ​ន់​ ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​បញ្ជូន​ជន​ទាំង​០៤​នាក់​ទៅ​ដល់​អធិការ​ស្រុក គេ​ឃើញ​មន្ត្រី​ម្នាក់​នោះ (​សុំ​លាក់​ឈ្មោះ​) បាន​ព្យាយាម​រត់ការ​សម្រប​ស​ម្រូ​ល​ជាមួយ​លោក​អធិការ ដើម្បី​ដោះ​បញ្ចប់រឿង​នេះ​ទាំង​យប់​មុន​ពេល​ថ្ងៃ​រះ ទើប​លោក​អធិការ​សម្រេច​ដោះ​លែង​ក្រុម​ជនសង្ស័យ​ទាំងអស់​តែ​ម្ដង​ទៅ​ ។

ប៉ុន្តែ​គេ​មិន​បានដឹង​ថា តើ​សំណុំរឿង​ដោះស្រាយ​ក្រៅ ច្បាប់​នេះ លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់​បាន​រាយ​ការ​ណ៍ជូន​លោកស្នងការ​ខេត្ត​បាន​ជ្រា​បដែរ ​ឬ​យ៉ាងណា​នោះ​ទេ ? ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ រួច​ដោះ​លែងវិញ​ស្រេច​តែ​ចិត្ត​នេះ អ្នកកាសែតបាន​ព្យាយាម​ទូរស័ព្ទ​ទៅ​កាន់​លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់ នៅ​រសៀល​ថ្ងៃ​ទី ២៨ ខែ មិថុនា ដើម្បី​សុំ​ការ​បំភ្លឺ តែ​មិនអាចទាក់ទងបាន​ឡើយ​។

ដោយឡែក លោក សុខ និមល ស្នងការ​រង​ផែន​គ្រឿង ញៀនអះអាងងថាលោកមិន​បានដឹង​រឿង​នេះ​ទេ​។ នៅ​ពេល​សាកសួរ​ពី​ដំណើររឿង​ខាងលើ​នេះ លោក សុខ និមល បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​រឿង​ដែល​កើត ឡើង​នៅ​អធិការ​ស្រុក​បាណ​ន់​ខាងលើ​នេះ​ទេ ព្រោះ​គេ​មិន​រាយ​ការ​ណ៍ តែ​លោក​នឹង​សាកសួរ​រឿង​នេះ​ទៅ​លោក​អធិការ​ស្រុក​បាណ​ន់​ ។

យ៉ាងណាក៏ដោយ ក្រុ​មការងារព័ត៌មាននិងប្រតិកម្ម​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសារធារណជន​ អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមឲ្យបានជ្រាបថា​ នៅថ្ងៃទី២៨ខែ​ មិថុនា​ ឆ្នាំ២០២៥នេះឃេីញការផ្សព្វផ្សាយក្នុងគេ​ហទំព័រក្នុងស្រុក ផ្សព្វផ្សាយពីករណីនគរបាលស្រុកបាណន់ដោះ​លែងជនសង័្សយចំនួន ០៤នាក់ក្រោយឃាត់ខ្លួនបានបន្តិចព្រោះប៉ះចំខ្សែប៉ូលិសគ្នាឯង ។

ឃេីញការផ្សព្វផ្សាយបែបបេះលោក ឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យធ្វេីការ​ស្រាវជ្រាវជុំវិញព័ត៌មានដែល បបានលេីកឡេីងក្នុងគេហទំព័រខាងលេីនេះហេីយ។

ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299