Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យបណ្តារដ្ឋដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះ គេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

ជាមួយគ្នានេះ សម្ដេចតេជោបានគូសបញ្ជាក់ថា កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ សម្ដេចតេជោបានបន្ថែមថា ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានអះអាងថា ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

សម្ដេចតេជោក៏បានបញ្ជាក់ជូនផងដែរថា ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត ហើយសម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។ ទន្ទឹមនេះ សម្ដេចតេជោក៏បានលើកឡើងអំពីបញ្ហាជម្លោះក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី, សិង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសិង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងបន្ថែមថា៖ «ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់»៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299