(កំពង់ចាម) ៖ ក្រោយពីមានការផ្ដួចផ្ដើម ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបាន ប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។
ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹងគោលដៅពហុបំណង នៃផ្នែកខាងក្រោមនិងផ្នែកខាងលើ ដោយត្រូវរៀបចំនូវទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹងជាទីសក្ការៈសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផល ជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញមកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្តដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុងកំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុខសុភមង្គល ៕
