ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ។
បន្ទាប់ពីបានពិនិត្យ និងស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ រួចមក លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អប្រសើរក្នុងពិធីផ្សេងៗ នាពេលកន្លងមកនេះ ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដែលមាន
ការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ការគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ការផ្ដល់អត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ លោកឧត្តមសេនីយ៍ស្នងការ សូមឲ្យកងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍តូច-ធំ នៅក្នុងខេត្តកំពង់ចាមទាំងមូល ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់ ផងដែរ ៕
