ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុង ខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយ រីករាយប្រកបដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមជូនពរជ័យសិរីមង្គលមហាប្រសើរជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសប្រកបដោយសិរីសួស្តី ជ័យមង្គលនាពេល នេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ សេចក្តីគោរពកោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែខិតខំបំពេញ បេសកកម្មជាតិដ៏ថ្លៃថ្លា និងប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងគ្រប់គ្រង ការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបាន នឹងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់អត្ថិភាព ជីវភាព សង្គម ការពង្រឹងសេដ្ឋកិច្ច និងការធានា បាននូវភាពធន់របស់កម្ពុជា ដើម្បីឈានទៅពង្រីកឧស្សាហកម្មថ្មីៗ និងការកសាងនូវសមត្ថភាពប្រកួតប្រជែង របស់កម្ពុជាដោយរក្សាបានបរិយាកាសសុខដុមនីយកម្មសង្គម។
ជាមួយនឹងក្តីអំណរសាទរ ក្នុងឱកាសពិធីខួបកំណើតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យើងខ្ញុំ ទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គលបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ ទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕
