Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

តើមេឈ្មួញបំផ្លាញព្រៃឈើឈ្មោះរុន,អុល និងរ៉ា មានខ្នងបង្អែកធំប៉ុណ្ណា ទើបធ្វើសកម្មភាពដឹកជញ្ជូនឈើ រាល់យប់ថ្ងៃ មន្ត្រីជំនាញនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះ?

ខេត្តកំពង់ស្ពឺ៖ មួយរយៈពេលថ្មីៗនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបាន ផ្សព្វផ្សាយរិះគន់ចំៗ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេនោះបានរាយការណ៍ពីសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះថៅ រុន,ថៅកែ អុល និង ថៅកែ រ៉ា  ដែលគេស្គាល់ច្បាស់ថា ជាមេឈ្មួញចាស់វស្សាខាងបំផ្លិចបំផ្លាញព្រៃ ឈើ ។ ប៉ុន្តែមន្ត្រីជំនាញក្នុងមូលដ្ឋាន និងសមត្ថកិច្ចជំនាញទាំងអស់ ហាក់មិនសូវអើពើ និងមិនហ៊ានបង្ក្រាបគោយន្តកន្ត្រៃ ដឹកជញ្ជូនបទល្មើសព្រៃឈើនោះឡើយ ឬមួយក៏អស់លោកខ្លាចអំណាច របស់លោកថៅ រុន,ថៅអុល និងលោកថៅកែ រ៉ា ទើបអស់លោកមន្ត្រីជំនាញបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង មិនហ៊ានចាប់ បង្ក្រាបនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា មេក្រុមឈ្មួញទាំងបីនាក់ខាងលើនេះ តែងតែ ចូលដឹកជញ្ជូនឈើគ្រឿងផ្ទះ បានដោយយ៉ាងរលូន ស្ទើរតែជារៀងរាល់យប់ ដោយប្រើមធ្យោយបាយ តាមគោយន្តកន្ត្រៃជាច្រើនម៉ែត្រគូប។ ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញល្បី ឈ្មោះបីនាក់ខាងលើនេះ ចេញពីចំណុចជើងភ្នំឱរ៉ាល់ បើកឆ្លងកាត់មុខប៉ុស្តិ៍,ស្នាក់ការរងរបស់បរិស្ថានស្រែកិន ដែលមានលោក ចាន់ ប្រចាំការ និងឆ្លងកាត់ស្នាក់ការមេព្រៃ ដែលមានឈ្មោះ លោក ចន រួចចូលតាមខ្លោង ទ្វារក្រុមហ៊ុន ចំការអំពៅ របស់លោកអ្នកឧកញ៉ា លីយ៉ុងផាត់ ហើយចេញវិញតាមខាងជើងផ្សារអមលាំង ទើបឆ្លងកាត់តាមផ្លូវជាតិលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រ ៨៨~៨៩។ ជួនកាលក្រុមឈ្មួញទាំងបីនាក់ខាងលើ ដឹក ជញ្ជូនតាមមុខប៉ុស្តិនិងសាលា ឃុំត្រពាំងជោ ឆ្ពោះទៅស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបន្តថា ការដឹកជញ្ជូនបទល្មើសព្រៃ ឈើរបស់មេឈ្មួញឈ្មោះថៅកែ រុន,អុល និងឈ្មោះថៅកែ រ៉ា នេះ ពួកគេបានរៀបចំរត់ការបង់លុយជូនសមត្ថកិច្ចនិងមន្ត្រី ជំនាញនានាតាមដងផ្លូវរួចរាល់អស់ហើយ។ មានដូចជាមន្ត្រីបរិស្ថានស្នាក់ការស្រែកិន,មេព្រៃស្រែកិន, នគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ដោយសារតែលុយបាំងមុខអស់លោកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានានេះហើយ ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើងដដែល ហើយថែមទាំងមិនហ៊ានចាប់បង្ក្រាបទៀត ពីព្រោះតែអស់ លោក ខ្លាចអំណាចរបស់លោកថៅកែ រុន,អុល និងថៅកែ រ៉ា ដែលមានខ្នងបង្អែកធំ និងមានអំណាចនៅពីក្រោយខ្នង នោះហើយ។

​ជាក់ស្តែងកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ គោយន្តកន្ត្រៃ ដឹកបទល្មើសព្រៃឈើរបស់លោកថៅកែ រុន លោកថៅកែ អុល និងលោកថៅកែ រ៉ា បានដឹកជញ្ជូន ឈើគ្រឿងផ្ទះ ចេញពីតំបន់ជើងភ្នំឱរ៉ាល់ ឆ្លងកាត់ចំការអំពៅ ដូចរៀប រាប់ខាងលើមែន។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថាតើលោកថៅកែរុន,លោកថៅកែ អុល និងលោកថៅកែ រ៉ា មាន អំណាច និងលុយច្រើនប៉ុណ្ណា បានជាហ៊ានដឹកជញ្ជូនបទល្មើសព្រៃឈើបានដោយរលូន ហើយបើកបរឆ្លង កាត់ក្នុងចំការអំពៅ របស់លោកអ្នកឧកញ៉ា លីយ៉ុងផាត់ ខណៈដែលមានមន្ត្រីយោធា កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងតែងនោះ?។ ឬមួយក៏មន្ត្រីយោធា សមត្ថកិច្ចពាក់ព័ន្ធ និងសន្តិសុខ យាមកាមមានភាពធូររលុង ឬ មួយក៏លោកថៅកែទាំងបីនាល់នោះ យកលុយញុកមាត់ ជិតអស់ហើយ ទើបដឹកជញ្ជូនឈើបានបែបនេះនោះ?។

អ្វីដែលប្រជាពលរដ្ឋមានការសោកស្តាយគឺព្រៃឈើដែលជាធនធានធម្មជាតិបន្សល់ទុកពីដូនតា នៅលើភ្នំឱរ៉ាល់ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងរងការកាប់បំផ្លាញពីសំណាក់ មេឈ្មួញឈ្មោះថៅកែ រុន ថៅកែ អុល និងឈ្មោះថៅកែ រ៉ា ហើយ សមត្ថកិច្ចនិងមន្ត្រីជំនាញ គួរតែមានវិធានការទប់ស្កាត់ ឬចាប់បង្ក្រាបឱ្យបានផង។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទើបឡើងកាន់តំណែងថ្មីនិងជាពិសេសនាយឧត្តម សេនីយ៍ សៅ សុខា មេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបមេឈ្មួញទាំងបីនាក់ខាងលើនេះផងទាន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា បើសិនជាអស់លោកមានឆន្ទៈក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស និងស្រាវជ្រាវស្វែងរកចាប់ខ្លួន បុគ្គល ឈ្មោះថៅកែ រុន ថៅកែ អុល និងថៅកែ រ៉ា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299