Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អាគារកម្ពស់បីជាន់ របស់ហ៊ាឆាយ សង្ស័យសាងសង់លើសការកំណត់នៃច្បាប់ ដែលអាជ្ញាធរផ្ដល់ឱ្យ ដោយមិនមានការសុំច្បាប់ពីរដ្ឋបាលក្រុងតាខ្មៅទេ

ខេត្តកណ្ដាល÷ សំណង់អាគារកំពស់៣ជាន់ ១កន្លែងស្ថិតនៅក្នុងសង្កាត់តាខ្មៅ តាមបណ្ដោយផ្លូវលេខ២០៨ នៅទីប្រជុំជនក្រុងតាខ្មៅកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងចម្ងល់ជាទូទៅថា តើអគារនេះបានសុំច្បាប់ពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរឬទេ? បើតាមប្រភពពីរដ្ឋបាលក្រុងតាខ្មៅបង្ហើបថា អាគារដែលកំពង់សាងសង់និងការវាយបញ្ចូលគ្នា ផ្ទះល្វែងពីរជាប់គ្នានោះបានសង់លើសការកំណត់នៃច្បាប់។ ចំណែកម្ចាស់សំណង់បែរជាសួរអ្នកកាសែតវិញថា បានព័ត៌មានមកពីណា?

បើតាមប្រភពប្រជាពលរដ្ឋ នៅក្រុងតាខ្មៅបានខ្សឹបថាអាគារកម្ពស់៣ជាន់ដែលកំពង់សាងសង់នោះ ជារបស់ហ៊ាឆាយ សាងសង់លើសការកំណត់នៃច្បាប់ ដែលរដ្ឋបាលក្រុងតាខ្មៅបានផ្ដល់ឱ្យ និងផ្ទះចាស់មួយទៀតកំពុងតែវ៉ៃ ចូលគ្នាមិនមានការសុំច្បាប់ពីរដ្ឋបាលក្រុងតាខ្មៅនោះទេ។ មន្ត្រីអាជ្ញាធររដ្ឋបាលសង្កាត់តាខ្មៅ អះ អាងថាមិនមានការសុំច្បាប់ទម្លាប់ទេ។ រីឯប្រភពពីមន្ត្រីរដ្ឋបាលក្រុងតាខ្មៅឯណោះវិញអះអាងថា មានការសុំ ច្បាប់ ប៉ុន្តែម្ចាស់សំណង់បានសង់ លើសច្បាប់ដែលបានកំណត់។

គេមិនដឹងថា តើស្ថាប័នជំនាញខាងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានឃើញស្ថានភាព នៃការសាងសង់អាគារកម្ពស់បីជាន់នេះដែរឬយ៉ាងណានោះទេ? ប្រជាពលរដ្ឋបានចោទជាសំណួរថា ម្ចាស់សំណង់ទំនងជាមានលុយមានអំណាច,អាងលុយអាងខ្សែអំណាចទើបធ្វើអ្វីៗស្រេចតែនឹងចិត្ត ហើយសូម្បី តែស្ថាប័នជំនាញ និងអាជ្ញាធរក៏មិនខ្វល់នឹងចុះមកត្រួត ពិនិត្យនោះដែរ? ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរក្រុងតាខ្មៅថា បណ្ដោយ ឲ្យអ្នកមានលុយ,មានអំណាចធ្វើអ្វីស្រេចតែនឹងចិត្ត។ តើប្រជាពលរដ្ឋក្រីក្រ ឬអ្នកគ្មានខ្នងគ្មានអំណាចអាចធ្វើសំណង់បែបនេះបានទេ?

ហ៊ាឆាយដែលជាម្ចាស់សំណង់បានឆ្លើយមកកាន់ពេញចិត្តមេឌា តបតាមប្រព័ន្ធ telegram យ៉ាងដូច្នេះថា បងពិនិត្យមើលមួយជួរហ្នឹងតើលើសឬមិនលើស? ដូច្នេះសូមអញ្ជើញតាមសម្រួល។

ប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពនៃការសាងសង់ខាងលើនេះមានចម្ងល់ចំពោះអាជ្ញាធរជាពិសេសស្ថាប័នជំនាញ តើមានបានត្រួតពិនិត្យមើលចំពោះស្ថានភាពទូទៅនៃការសាងសង់នោះទេ? ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗសំណង់នេះព្រួយបារម្ភអំពីហានិភ័យផ្សេងៗដែលនឹងកើតឡើងនាពេលអនាគត។

ជាមួយគ្នានេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេជុំវិញករណីសំណង់នៅកណ្ដាលក្រុងតាខ្មៅមួយនេះ។

ទោះយ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌា យើងខ្ញុំនៅតែរង់ចាំការស្រាយបំភ្លឺបន្ថែម ពីភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299