ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីប្រគល់ភារកិច្ច ក្នុងការចរចាដោយផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ ពាក់ព័ន្ធនឹងអត្រាពន្ធគយបដិការថ្មី ដែលប្រធានាធិបតីអាមេរិកទើបបានប្រកាសកាលពីដើមខែនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសូួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃនេះ (១០ មេសា) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ-អាមេរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។
យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) លោកប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។
បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
