Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ករណីស្តារព្រែកតាពៅនៅក្រុងបាវិត មន្ត្រីអ្នកមានឥទ្ធិពលកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើន

ស្វាយរៀង៖ ក្រុមគ្រឿងចក្រឯកជនតូចៗអះអាងថា លោកផ្កាយ១ ចាន់ រតនៈហៅឌឿក យកដីព្រែកតាពៅជាង៤០ហិកតានៅសង្កាត់-ក្រុងបាវិត មកធ្វើអាជីវកម្ម ចែកប្រយោជន៍គ្នាជាមួយអាជ្ញាធរ។ រីឯក្រុមគ្រឿងចក្រឯកជនទទួលបានផលប្រយោជន៍តិចតួចប៉ុណ្ណោះ។អាជីវករគ្រឿងចក្រខ្នាតធំដោយប្រើរថយន្តយីឌុបលើក ឡើងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ ហៅឌឿកបានយកដីព្រែកតាពៅដែលជាដីសាធារណៈរបស់រដ្ឋ ទំហំជាង៤០ហិកតា មកធ្វើអាជីវកម្មកាយយកអាចម៍ដីលក់ក្នុង១ថ្ងៃៗរាប់ពាន់ឡាន បានលុយរាប់ម៉ឺនដុល្លារជ្រកក្រោមហេតុផលគម្រោងស្ដារព្រែកនិងមានការយល់ព្រមសម្របសម្រួលពីអាជ្ញាធរ។

ប្រជាពលរដ្ឋរស់នៅក្រុងបាវិត ក៏ដូចជាក្រោមអាជីវករដែលកំពុងប្រកបរបររកស៊ីធីកាយអាចដីនៅបឹងព្រែកតាពៅនោះ មើលឃើញថាផលប្រយោជន៍ជាច្រើនត្រូវបានធ្លាក់ទៅលើកណ្ដាប់ដៃពួកឈ្មួញធំដែលមានឥទ្ធិពលនិងអាជ្ញាធរក្រុងតែម្ដង។ សព្វថ្ងៃនេះប្រជាពលរដ្ឋក្លាយ ទៅជាជនរងគ្រោះនៃការស្ដារព្រែក នេះតាមរយៈការហុយធូលីមិនឈប់ឈរនិងផ្លូវខូចខាតជាច្រើនកន្លែង។

លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ ជាមន្ត្រីយោធានៅខេត្តស្វាយរៀងទទួលស្គាល់ថា ខ្លួនពិតជាបានលក់អាចម៍ដីប្រាកដមែន។ ចំណែកលោកអភិបាលក្រុងបាវិតថ្លែងថា រឿងលុយកាក់ ដែលបានពីការលក់អាចម៍ដីនោះ គឺលោកពុំដឹងទេ។

អ្នករកស៊ីគ្រឿងចក្រអះអាងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈហៅឌឿក ជាមនុស្សដែលគេប្រើនិងមានឥទ្ធិពលខ្លាំង។ លោកមានសិទ្ធិអំណាច ក្នុងការគ្រប់គ្រងនិងយកដីព្រែកតាពៅ មកធ្វើអាជីវកម្ម(លក់អាចម៍ដី) បានលុយរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ សម្រាប់ចែកគ្នាជា មួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ។

ប្រភពពីក្រុមនៅរកស៊ីដឹកអាចដីនៅទីនោះបានឲ្យដឹងថា ក្នុង១ថ្ងៃៗលោកឌឿកអាចលក់អាចម៍ដី បានជាង១ពាន់ឡានឯណោះ ហើយសកម្មភាពទាំងនេះ បានប្រព្រឹត្ត ទៅ អស់រយៈពេលជាង៤ខែមកហើយ។

ក្រុមអាជីវករបញ្ជាក់ថា រថយន្តបែនចំណុះ៥តោនលោកឌឿកកំណត់យកលុយចំនួន៨.៥ដុល្លារ ក្នុង១ ជើងជា កំហិត,រថយន្តកង់១០កំណត់យកចំនួន១៥ដុល្លារ ក្នុង១ ជើង និងរថយន្តយីឌុប យកចំនួន២០ដុល្លារក្នុង ១ជើងជាកំហិត។

អាជីវករបញ្ជាក់ថា ការបង់លុយក្នុងតម្លៃនេះ គឺពួកគាត់ចូលយកអាចម៍ដីព្រែកតាពៅដោយប្រើ(SK)កាយដីខ្លួនឯង,ចាក់ប្រេងខ្លួនឯង,រកទីផ្សារចាក់ដីឡូត៍ដោយ ខ្លួនឯង។ រីឯលោកឌឿកដាក់មេការកត់បុង និងរាប់ក្បាលឡានយកលុយ ដោយគ្មានការលើកលែងសុំថ្លៃមិនចុះនោះឡើយ។

បើតាមអាជីវករគ្រឿងចក្រ សម្រាប់រថយន្តយីឌុបជា មធ្យមពួកគាត់ចាក់តាមដីឡូត៍ បានតម្លៃ៥៥ដុល្លារក្នុង១ឡាន។ លុះផាត់សោហ៊ុយ(SK)កាយដាក់ឡានដឹកជញ្ជូន,ស្រោចទឹកឈូសឆាយ,ថែទាំផ្លូវ,សំអាតកន្លែងចាក់ដីឡូត៍,ថ្លៃប្រេង,កម្មករ,ពលកម្មតៃកុងគ្រឿងចក្រនិងបង់ឱ្យលោក”ឌឿក”ចំនួន២០ដុល្លារក្នុង១ឡានទៀត សឹងតែលែងចំណេញតែម្ដង។

រីឯរថយន្តកង់១០ ជាមធ្យមចាក់តាមដីឡូត៍ ក្នុងតម្លៃ ៤០ដុល្លារក្នុង១ឡាន។ ពេលទូទាត់ផាត់សោហ៊ុយ (SK)កាយដាក់ឡាន,ដឹកជញ្ជូន,ស្រោចទឹក,ឈូសឆាយ និងបង់ឱ្យលោក”ឌឿក” ចំនួន១៥ដុល្លារក្នុង១ឡានទៀត គឺយ៉ាប់កាន់តែខ្លាំងទៅទៀត។ ចំណែករថយន្តចំណុះ៥តោន ជាមធ្យម ចាក់តាមបណ្ដាដីឡូត៍ក្នុងភូមិសាស្ត្រក្រុងបាវិត បានតម្លៃ២៥ដុល្លារក្នុង១ឡាន។ ក្នុងនោះ ផាត់សោហ៊ុយនិងចំណាយផ្សេងៗ និងបង់ឱ្យឈ្មោះ”ឌឿក” ចំនួន៨.៥ដុល្លារក្នុង១ឡានទៀត គឺពិបាករកប្រាក់ចំណេញមែនទែន។

លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈហៅឌឿក ថ្លែងថា ការលក់អាចម៍ដីនោះ គឺដើម្បីយកប្រាក់មកទ្រទ្រង់គម្រោងជីកស្ដារព្រែកតាពៅ។ លោកបន្តថា អាចម៍ដីខ្លះយើងលក់,ខ្លះឱ្យគេនិងខ្លះទៀតយកមកជួសជុលផ្លូវ ខណៈក្រុមហ៊ុនលោកទទួលបានគម្រោងជីកស្ដារ តែជាង៣ គីឡូម៉ែត្រប៉ុណ្ណោះ។

លោក សាញ់ សាខុន ចៅសង្កាត់បាវិតបានថ្លែងថា រឿងបង់សួយសារឬអត់ លោកពុំបានដឹងទេ ព្រោះជាគម្រោងរបស់ខេត្ត ដោយលោករុញឱ្យទៅសួរលោកអភិបាល ក្រុងបាវិត។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងថា រដ្ឋបាលខេត្ត ជាអ្នកប្រគល់សិទ្ធិឱ្យក្រុមហ៊ុនជីកដីព្រែកតាពៅដើម្បីជាអាងស្តុកទឹកនៅក្រុងបាវិត។ ចំពោះសំនួរថា តើការលក់អាចម៍ដីនោះយកលុយទៅណា?និងបានបង់សួយសារឬអត់..?។ លោកអភិបាលក្រុង ឆ្លើយថា “ខ្ញុំម៉េចដឹង! ព្រោះជាការចាត់ចែងរបស់ក្រុមហ៊ុន ខណៈរដ្ឋបាលក្រុងចាំទទួលតែគម្រោងដែលស្ដាររួចប៉ុណ្ណោះ”។

លោកប៉ុក តកប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង ថ្លែងថា ការជីកស្ដារព្រែកតាពៅជាគម្រោងរបស់ខេត្ត។ ការយកអាចម៍ដីមកធ្វើអាជីវកម្ម តើបានបង់សួយសារឬទេ..?ត្រង់ចំណុចនេះលោក ប៉ុក តក បានឆ្លើយថា”ខ្ញុំមិនដឹងទេ”នឹងរុញឱ្យទៅសួរខេត្ត។

ពលរដ្ឋរស់នៅក្រុងបាវិតទទូចស្នើសុំស្នើដល់ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង,លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល,លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម,អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីសាធារណៈ មកធ្វើអាជីវកម្មដោយខុសច្បាប់នេះផង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299