ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមីនា-ត្រីមាសទី១ ឆ្នាំ២០២៥ ។
ដោយកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ដ ដោយផ្ដោតលើលទ្ធផលការអនុវត្តការងារជំនាញកន្លងមក ដូចជា បទពិសោធន៍, បញ្ហាប្រឈម, វិធានការ និងដំណោះស្រាយ ព្រមទាំងសំណូមពរ ដើម្បីបន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់គ្រប់សកម្មភាពបទល្មើសដូចជា ព្រហ្មទណ្ឌ, គ្រឿងញៀន, ល្បែងសុីង និងក្មេងទំនើង និងបន្ដជំរុញការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យផុលផុស។
ជាមួយគ្នានេះ ការងារ បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវបន្ដយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដោយបន្ដវិធានការផ្សព្វផ្សាយច្បាប់ និងឯកសារបទដ្ឋានគតិយុត្ត នានា ស្ដីពីការសង្រ្គោះអគ្គិភ័យ ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋាន ក្នុងខេត្តកំពង់ចាម ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរង នគរបាល ស្រុក/ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ/សង្កាត់ ទាំង១០៩ ផងដែរ ៕
