ក្រោយការផ្សព្វផ្សាយព័ត៌មានដែលថា មានករណីផ្ទុះគ្រាប់សំណល់ពីសង្គ្រាមបណ្តាលឱ្យផ្ទះពលរដ្ឋមួយស្ថិតក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខូចខាតយ៉ាងដំណំ អាជ្ញាធរមីនកម្ពុជាបានចេញមុខអះអាងថា ករណីផ្ទុះនេះមិនមែនបណ្តាលមកពីគ្រាប់មីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាមនោះទេ គឺបណ្តាលមកពីផ្ទុះផាវ និងកាំជ្រួចដែលត្រូវបានស្តុកទុកនៅក្នុងផ្ទះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ការផ្ទុះនេះបានកើតឡើងនៅផ្ទះរបស់អ្នកស្រី អុក ពិសី អាយុ ៤៣ឆ្នាំ ដែលមានសមាជិកគ្រួសារចំនួន ៥នាក់។ ករណីផ្ទុះនេះបានបណ្តាលឱ្យផ្ទះខូចខាតទាំងស្រុង និងបំផ្លាញសម្ភារមួយចំនួន ប៉ុន្តែជាសំណាងល្អដែលគ្មាននរណាម្នាក់បានរងរបួសធ្ងន់ធ្ងរ។
អាជ្ញាធរមីន រួមជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងធ្វើការស៊ើបអង្កេតលើករណីនេះ ហើយជាលទ្ធផលបង្ហាញថា ការផ្ទុះនេះបណ្តាលមកពីផ្ទុះផាវ និងកាំជ្រួចដែលត្រូវបានរកឃើញនៅក្នុងផ្ទះ ដែលជាទីតាំងកើតហេតុ។ អាជ្ញាធរបានបញ្ជាក់ថា ករណីនេះមិនមែនបណ្តាលមកពីគ្រាប់មីន ឬសំណល់សង្គ្រាមដូចដែលបណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។
អាជ្ញាធរមីនក៏បានផ្តល់ការព្រមានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការរក្សាទុកសម្ភារៈគ្រាប់ផ្ទុះ ឬវត្ថុផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ ដើម្បីជៀសវាងការកើតហេតុបែបនេះនាពេលអនាគត៕
