លោកនូ មិត្ត មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងទទួលស្គាល់ការប្រើអំពើហិង្សាទៅលើមិត្តស្រី នៅពេលស្រវឹងហើយថែមទាំងជំរុញឲ្យនាងដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការ ក៏ព្រោះតែលោកមានខ្នងបង្អែកនៅស្ថាប័ននេះស្រាប់។ ស្ត្រីជាសង្សារដែលរងគ្រោះបានព្យាយាមដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ប៉ុន្តែហាក់ដូចជាមិនបានទទួលការយកចិត្តទុកដាក់ពីលោកអធិការនោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតស្ត្រីរងគ្រោះឈ្មោះណយ អាយុ២៤ឆ្នាំ ជាសង្សារនឹងមន្ត្រីកងរាជ អាវុធហត្ថ លោកនូ មិត្ត បានរស់នៅក្នុងផ្ទះជួលជាមួយ គ្នារយៈពេល២ឆ្នាំមកហើយ។ មិនត្រឹមតែចំណាយខ្លួន ប្រាណប៉ុណ្ណោះទេ នាងណយ ថែមទាំងបានចំណាយប្រាក់ឲ្យទៅបុរសជាសង្សារខ្ចីចំនួន២០០០ដុល្លារ ថែម ទៀតផង។ ប៉ុន្តែទីបំផុតបែរជាបុរសជាសង្សារប្រើអំពើហិង្សាវ៉ៃតប់មកលើនាងយ៉ាងចាស់ដៃ។ ហេតុការណ៍ហិង្សានោះបានកើតឡើងកាលពីថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ
២០២៥។
នាងណយ បានបញ្ចេញសាសំឡេងលោកនូ មិត្ត ដែល បានជេរបញ្ចោរនាងដោយពាក្យអសុរសជាច្រើន។ ជាងនេះទៅទៀតសំឡេងរបស់លោកមន្ត្រីកងរាជអាវុធហត្ថុថែមទាំងបញ្ជើចបញ្ចើរឲ្យនាងទៅដាក់ពាក្យបណ្ដឹងនៅស្ថាប័នតុលាការថែមទៀតផង ពីព្រោះលោកមានខ្នង បង្អែកនូវស្ថាប័នយុត្តិធម៌នេះដល់ថ្នាក់កំពូល។ សូម្បីតែអធិការនគរបាលក្រុងបាត់ដំបង ក៏ជាមិត្តភក្កិរបស់លោកដែរ។ ប្រហែលជាយ៉ាងដូច្នោះហើយបានជា នារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងគ្មាននរណាយកចិត្តទុកដាក់។ លោកមិត្តថែមទាំងប្រកាសថា មិនសងប្រាក់២០០០ ដុល្លារ ដែលនាងជាសង្សារឲ្យខ្ចីនោះទៀតផង។
អ្វីដែលជាការកត់សម្គាល់ នៅក្នុងសារសំឡេងរបស់លោកមន្ត្រីកងរាជអាវុធហត្ថខាងលើនេះគឺភាសាគំរាម យ៉ាងច្បាស់ដោយជំរុញឲ្យភាគីសង្សារទៅដាក់ពាក្យបណ្ដឹងនៅតុលាការ ក៏ព្រោះតែលោកមានខ្នងបង្អែកនៅស្ថាប័នយុត្តិធម៌មួយនេះដល់ថ្នាក់កំពូល។
ក្នុងបទសម្ភាសន៍ជាមួយកាសែតពេញចិត្តមេឌា កាល ព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះលោក នូ មិត្ត មន្ត្រីកងរាជ អាវុធហត្ថខេត្តបាត់ដំបងទទួលបន្ទុកការងារសន្តិសុខបានទទួលស្គាល់អំពីការប្រើអំពើហិង្សាទៅលើគូសង្សាររបស់ខ្លួននោះមែន នៅពេលដែលលោកស្រវឹង។ លោកថ្លែងអះអាងដូច្នេះថា” ខ្ញុំស្រវឹង តែមិនខ្លាំង(ជោគជាំ) ព្រោះខ្ញុំផឹកមិនដែលស្រវឹងផង,ខ្ញុំផឹកជាមួយថ្នាក់ដឹកនាំអគ្គ(ព្រះរាជអាជ្ញា)”។ បើតាមលោកនូ មិត្តនៅគ្រាដែលលោកកំពុងផឹកស៊ីជាមួយមន្ត្រីជាន់ខ្ពស់នោះ នាងជាសង្សារបានចូលមកឆាឆៅ។
លោក មិត្ត បានបន្ថែមថា រឿងនេះខ្ញុំបានអន្តរាគមន៍ទៅថ្នាក់លើអស់ហើយ។ មន្ត្រីកងរាជអាវុធហត្ថរូបនេះដែលទន្ទេញជាប់មាត់ អំពីការដែលផឹកស៊ីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សុទ្ធតែអគ្គ(ព្រះរាជអាជ្ញា)និងខ្លួនជាអ្នកច្បាប់យូរឆ្នាំផងនោះ បានបញ្ជាក់ចំពោះការចោទប្រកាន់ថាលោកប្រើអំពើហិង្សាលើសង្សារ។ លោកបាននិយាយថា”មិនមែនប្រើហិង្សាទេ,គ្រាន់តែទាត់ពីរបីជើង” ហើយ ប្រតាយប្រតប់គ្នា។
អ្វីដែលជាការកត់សម្គាល់នោះគឺលោកនូមិត្តបានទន្ទេញជាប់មាត់អំពីថ្នាក់ដឹកនាំថ្នាក់អគ្គ(ព្រះរាជអាជ្ញា) ដែលមើលទៅហាក់ដូចជាការគំរាមទៅលើភាគីនារីរងគ្រោះជាសង្សារ និងក៏ចង់បង្ហាញឲ្យឃើញអំពីទំនាក់ទំនងស្អិត ល្មួតរបស់លោកជាមួយលោកអគ្គៈនោះផង។ ប៉ុន្តែមិន ដឹងថាតើលោកអគ្គនោះឈ្មោះអ្វីឲ្យពិតប្រាកដទេ។ មិនតែប៉ុណ្ណោះសូម្បីតែជាមួយអ្នកកាសែតក៏លោកតែងតែទន្ទេញជាញឹកញាប់ អំពីការផឹកស៊ីជាមួយថ្នាក់ដឹកនាំ
(អគ្គៈ)កំពូលមួយណានោះជាដរាប។
បើស្ដាប់សារសម្លេងរបស់លោកនូ មិត្ត ផ្ញើឱ្យនាងណយក៏ដូចជាបទសម្ភាសន៍ជាមួយអ្នកកាសែតគេអាចយល់ច្រឡំថា សង្គមសព្វថ្ងៃនេះគឺស្ថិតនៅក្នុងបរិបទនៃអំពើបក្សពួកនិយម,គ្មានទេយុត្តិធម៌។ តើការរួមតុជល់កែវស្រា ពិតជាអាចបង្វែរស្ថានការណ៍ពីបញ្ហាអយុត្តិធម៌មួយនេះ ទៅជារឿងដែលធ្វើឲ្យសង្គមស្អប់ខ្ពើមឬយ៉ាង ណា? យ៉ាងនេះហើយបានជាប្រជាពលរដ្ឋ,មហាជនលើសលប់អំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានស៊ី ជម្រៅច្បាស់លាស់។
ករណីមួយនេះមហាជនអំពាវនាវទៅដល់លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាស្ថាប័នយុត្តិធម៌គួរបើកការស៊ើប អង្កេតដើម្បីផ្ដល់យុត្តិធម៌ដល់នាងណយនោះផង។ ឬ មួយថា អ្វីដែលលោកនូ មិត្ត បានលើកឡើងពិតជាត្រឹម ត្រូវមែន? មហាជនក៏ចង់ដឹងថាតើថ្នាក់ដឹកនាំកំពូលខាងអគ្គៈ ពូកែដើរផឹកស៊ីនោះ ជានរណា? បើអាចបង្ហាញឈ្មោះ បង្ហាញមុខ ក៏គួរតែឲ្យប្រជារាស្រ្តបានស្គាល់ផង៕
