បើទោះបីជាមានការរំពឹងទុកថា បន្ទាប់ពីការដូរដំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ហាកាប់បំផ្លាញនិងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្ស ត្រូវបានកាត់ បន្ថយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្តីរំពឹងនោះ ត្រូវគេមើល ឃើញថាធ្លាក់ដល់ចំណុច០ គឺ១ដំបរនិង៤។ សកម្មភាពនៃការដឹកឈើចេញពីតំបន់ស្នាក់ការរងស្រែឈូកក្រោមការគ្រប់គ្រងរបស់លោកសយ សំណាង នៅតែកើតមានជាធម្មតា។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបកាន់តំណែងថ្មី ហាក់ដូចមិនទាន់មានចំណាត់ការអ្វីជាដុំកំភួននៅឡើយ។
ប្រភពបានរាយការណ៍ ដោយថតផ្ទាល់អំពីសកម្មភាពរថយន្តដឹកឈើកំពុងធ្វើដំណើរតាមផ្លូវ បានឲ្យដឹងថា រថយន្តដឹកឈើចេញ ពីតំបន់អភិរក្សបរិស្ថានស្រែឈូកឆ្លងកាត់ស្រុកកែវសីមា និងស្រុកស្នួលខេត្ត ក្រចេះ ឆ្ពោះមកបណ្ដាខេត្តភាគខាងក្រោមជារៀងរាល់យប់។ ប្រភពបន្ថែមថា សកម្មភាពនៃការដឹកឈើទាំងនោះបានធ្វើ ឡើងជារៀងរាល់យប់ហាក់ ដូចជាមិនមានការទប់ស្កាត់ ពីសមត្ថកិច្ចជំនាញនៅនឹងកន្លែង ក៏ដូចជាស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនៅតាមដងផ្លូវនោះឡើយ។ គេមិនដឹងថា តើឈើទាំងនោះពួកឈ្មួញបានកាប់ចេញពីទឹកដី
ខេត្តផ្សេងៗ ហើយដឹកយកមកទុកនៅតំបន់ស្រែឈូក រួច ទើបដឹកបន្តមកខេត្តភាគខាងក្រោមឬយ៉ាងណានោះទេ?
ប្រភពបានរាយការណ៍ឲ្យដឹងថា ការដឹកនាំរបស់លោកសយ សំណាង ក្នុងនាមប្រធានស្នាក់ការរងស្រែឈូក នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមារបស់លោកប្រធានស៊ិន សត្ថា មិនមានការថមថយសោះ ចំពោះដំណើរការ នៃការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើ។ ជាងនេះទៅទៀតប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តមណ្ឌល គិរី លោកហាស់ វិបុល មិនទាន់បានឃើញធ្វើអ្វីជាដុំកំភួនដើម្បីទប់ស្កាត់ ឬចាត់វិធានការបង្ក្រាបទល្មើសនៅឡើយទេ។ លោកហាស់ វិបុល ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កាលគាត់នៅខេត្តក្រចេះ ហើយត្រូវបានក្រសួងដកទៅបញ្ឈរជើង។
លោកសយ សំណាង ធ្លាប់មានរឿងអាស្រូវប្រើប្រាស់ហិង្សាតាមរយៈការបាញ់បោះ ទៅលើប្រជាពលរដ្ឋកាលគាត់នៅស្នាក់ការរងចំបក់ នៃដែនបរិស្ថានកែវសីមា។ លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាមានមោទនភាពចំពោះអ្វីដែលកំពុងកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅគ្រាដែលគេមើលឃើញថាសកម្មភាពនៃការដឹកឈើ និងការកាប់បំផ្លាញឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាបាន និងកំពុងកើតឡើងយ៉ាងគគ្រឹគគ្រេងជាធម្មតា។ ប្រការនេះក្រសួងបរិស្ថានគួរពិនិត្យមើលឲ្យបានផង។
ក្រៅពីសកម្មភាព នៃការដឹកជញ្ជូនតាមរថយន្តចេញពីតំបន់ស្រែឈូក ក៏មានការដឹកជញ្ជូនតាមម៉ូតូជាច្រើនគ្រឿងប្រៀបដូចជាកណ្ដៀរ ចេញពីដែនជម្រើសសត្វព្រៃកែវសីមាជារៀងរាល់យប់។ មន្ត្រីបរិស្ថានក៏ដូចជាឧទ្យានុរក្ស ចាត់ទុកទង្វើនូវការដឹកជញ្ជូនទាំងនេះថា គ្រាន់នឹងបានចិញ្ចឹមឆ្នាំង ពួកគេជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ មិន បានធ្វើមានបានអ្វីឡើយ។ គេជឿថា លោកប្រធានមន្ទីរបរិស្ថានហាស់ វិបុល បានដឹងរឿងទាំងអស់នេះដែរ ប៉ុន្តែតើមានចំណាត់ការយ៉ាងណានោះ មិនទាន់ឃើញនៅ ឡើយទេ៕
