សិប្បកម្មកែច្នៃគ្រឿងឈើ១កន្លែងនៅក្រុងសែនមនោរម្យកំពុងដំណើរការយ៉ាងសកម្មជាធម្មតា ដោយមានអតិថិជនជាច្រើនតម្រង់ជួរគ្នាចាំឲ្យជាងជួយផលិតឬកែច្នៃគ្រឿងសង្ហារឹម។ ស្របច្បាប់ ឬមិនស្របច្បាប់?គ្មាននរណាដឹងទេ? តើឈើដែលអតិថិជនដឹកចូលទីតាំងផលិតគ្រឿងសង្ហារឹមមួយនេះមានប្រភពមកពីណា? វាកំពុងតែចូលរួមចំណែកបំផ្លិចបំផ្លាញព្រៃឈើ ដែលនៅសេសសល់ក្នុងខេត្តមណ្ឌលគិរីនោះទេដឹង?
ប្រភពរាយការណ៍ថា ទីតាំងសិប្បកម្មមួយកន្លែងនេះស្ថិតនៅក្បែរបន្ទាយទាហាននៃក្រុងសែនមនោរម្យដែលមានម្ចាស់ឈ្មោះធីណា ធារ៉ា បាននិងកំពុងដំណើរការជាធម្មតាបើទោះបីជាស្ថាប័នជំនាញស្នើឲ្យបញ្ចប់សកម្ម ភាពនៃការធ្វើសិប្បកម្មទាំងឡាយជាយូរណាស់មកហើយក៏ដោយ។ ប្រភពបានឲ្យដឹងថា ទីតាំងសិប្បកម្មមួយនេះមានអតិថិជនជាច្រើនដែលចូលទៅឲ្យម្ចាស់ទីតាំងផលិតគ្រឿងសង្ហារឹម ពីព្រោះតែគាត់មានទឹកដៃល្អប្រសើរ។
មន្ត្រីបរិស្ថានក្រុងសែនមនោរម្យ មិនដឹងអំពីទីតាំងផលិតគ្រឿងសង្ហារឹមនេះទេ? រីឯមន្ត្រីរដ្ឋបាលព្រៃឈើអះអាង អំពីការមិនបានចេញច្បាប់ ឲ្យមានសិប្បកម្មនៅក្នុងទឹកដីខេត្តមណ្ឌលគិរីទៀតនោះឡើយ។ បើយ៉ាងដូច្នេះមានន័យថា ទីតាំងសិប្បកម្មរបស់លោកធីណា ធារ៉ា មិនមានច្បាប់ទម្លាប់នោះទេ។ យ៉ាងណាក៏ដោយ ប្រភពខ្សឹប ខ្សៀវថាស្ថាប័នជំនាញខាងយុត្តិធម៌ធ្លាប់បានពឹងពាក់ឲ្យម្ចាស់សិប្បកម្មនេះជួយធ្វើគ្រឿងសង្ហារឹមជាច្រើនប្រភេទ នាគ្រាកន្លងមក។ ដូច្នេះវាលំបាកណាស់ក្នុងការដែលឲ្យសមត្ថកិច្ចផ្សេងទៀត ជាពិសេសរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាបទី តាំងសិប្បកម្មខាងលើនេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងផលិតគ្រឿងសង្ហារឹមកាលលើនេះស្ថិតនៅតាមផ្លូវទាល់ដែលស្ងាត់។ ប៉ុន្តែគេឃើញ មានការដឹកជញ្ជូនឈើចូល ក្នុងសិប្បកម្មខាងលើនេះជាធម្មតា។ រឿងគ្មានច្បាប់ឬ មិនមានច្បាប់ ប្រជាពលរដ្ឋមិនមានសិទ្ធិដឹងឮនោះទេ ប៉ុន្តែឃើញការដឹកជញ្ជូនឈើចូល និងដឹកគ្រឿងសង្ហារឹមចេញ កើតមានជាធម្មតា។ ប្រជាពលរដ្ឋខ្សឹបថា ម្ចាស់សិប្បកម្មខាងលើនេះ ទំនងជាមានខ្សែទុយោធំដែរ ទើបអាចដំណើរការបាន៕
