ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរស្រុកកែវសីមាបង្ក្រាបឈើបាន១០ដុំ នៅភូមិឆ្នែង ឃុំស្រែខ្ទុម ដែលសំខាន់នោះគឺឈើទាំងនេះមិនត្រូវបានកាប់ចេញពីឋានព្រះឥន្ទឬពីទឹកដីសហរដ្ឋអាមេរិកមកនោះឡើយ។ ផ្ទុយទៅវិញគឺជាឈើ ដែលកាប់ចេញពីដែនជម្រកសត្វ ព្រៃកែវសីមាហើយយកមកលាក់ទុកនៅជាយភូមិឬតាមចំការរបស់ប្រជាពលរដ្ឋនោះតែម្ដង។ ដូច្នេះនេះបញ្ជាក់ថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា នៅតែបន្តកើតមានជាធម្មតា។
គួរបញ្ជាក់ថា លោកជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃ ឈើកែវសីមា សហការជាមួយកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកបានចុះបង្ក្រាបបទល្មើសសន្ធិធិឈើអារជ្រុងលេខ១ សុក្រំចំនួន០៤ដុំនិងស្រឡៅបាន៦ដុំ សរុប១០ដុំ(មិនទាន់វាស់)ស្ថិតនៅនិយាមកា (694993- 1339157) ក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំពោៈវត្ថុតាងបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមាដើម្បីចាត់ការតាមនិតិវិធិច្បាប់ស្ដីពីព្រៃឈើ។
បើទោះបីជាមិនទាន់មានការបញ្ជាក់ថា តើឈើនោះត្រូវបានកាប់បំផ្លាញពីទីណាមកក៏ដោយ។ ប៉ុន្តែអ្វីដែលជាក់ ច្បាស់ គឺឈើនោះមិនបានកាប់ចេញពីឋានព្រះឥន្ទ ឬ កាប់ពីទឹកដីសហរដ្ឋអាមេរិកនោះទេ។ និយាយឲ្យខ្លីទៅ ទៀត ក៏មិនមែនកាប់ចេញពីដែនជម្រកដត្វព្រៃស្រែពក ហើយដឹកយកមកលាក់នៅភូមិឆ្នែង ឃុំស្រែខ្ទុម នោះដែរ ផ្ទុយទៅវិញគឺប្រាកដណាស់ថា គំនរដុំឈើទាំងនោះពិត ជាត្រូវបានកាប់បំផ្លាញនៅក្នុងស្រុកកែវ សីមានោះតែ ម្ដង។ នៅក្នុងភូមិសាស្ត្រស្រុកកែវសីមាមានតំបន់ព្រៃ ឈើកន្លែងណាទៀត ដែលអាចឲ្យឈ្មួញកាប់ឈើបានក្រៅពីដែនជម្រកសត្វព្រៃនោះ? មានន័យថា ឈើដែលមេព្រៃរកឃើញនោះ ពិតជាត្រូវកាប់បំផ្លាញចេញពីដែន ជម្រកសត្វព្រៃកែវសីមា?
ក្រៅពីឈើដែលមេព្រៃរកឃើញនោះ ក៏មានសេចក្តីរាយ ការណ៍អំពីការកាប់ដើមឈើរំលំ ដើម្បីធ្វើអុសជាច្រើនកន្លែងទៀតដែរ។ ប្រភពរាយការណ៍ថាដើមឈើត្រូវបានកាប់បំផ្លាញដើម្បីរានយកដីផង និងយកឈើធ្វើជាអុសលក់ទៅប្រទេសវៀតណាម,កំពុងកើតមានសកម្មភាពនៅក្នុងឃុំស្រែព្រះ។ ដូច្នេះមានន័យថា មហន្តរាយព្រៃ ឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្រោមការដឹក នាំរបស់លោកស៊ិន សត្ថា កំពុងកើតមានយ៉ាងសកម្មជាធម្មតាតាំងពីយូរណាស់មកហើយ។
តាមលោកតាន់ គឹមសួរ សកម្មជនបរិស្ថានបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ បានឱ្យដឹងថា សកម្មភាពនៃបទល្មើសព្រៃឈើ នៅខេត្តក្រចេះនិងខេត្តមណ្ឌលគិរីបាននិងកំពុងកើតមានយ៉ាងសកម្ម។ អាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជាស្ថាប័នជំនាញគឺមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ក្រោមការដឹកនាំរបស់លោកហាស់ វិបុល ហាក់ដូចជាមិនទាន់ឃើញមានចំណាត់ការអ្វីឲ្យដុំកំភួនក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ស្របពេលដែលមានសេចក្តីរាយការណ៍ឲ្យដឹងដែរថា នៅឯតំបន់អភិរក្សភ្នំព្រិច សកម្មភាពដឹកឈើចេញទៅខេត្តក្រចេះក៏កំពុងកក្រើកខ្លាំងណាស់ដែរ៕
