រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រម ទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុកកណ្ដាល ស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រម ទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមខេត្តកណ្ដាល ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ក្នុងឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗ ក្មួយៗ និងចៅៗ ដោយកក្ដីស្រឡាញ់ និងនឹករលឹកបំផុត។
លោកអភិបាលខេត្តបន្តថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ ពេល វេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយចុះសួរសុខ ទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់ពូជ សាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ អភិបាលខេត្ត បានណែនាំដល់កុមារទាំងអស់នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក ជួយយកអាសារគ្នា មើលថែគ្នាឱ្យបានល្អ ពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថាមានតែចំណេះវិជ្ជាទេ ទើបនាំយើងទៅរកអនាគតល្អ រួចផុតពីការលំបាក ដូច្នេះកូនៗ និងក្មួយៗទាំងអស់ ត្រូវតែប្រព្រឹត្តនូវអំពើល្អ និងខិតខំរៀនសូត្រដើម្បីអនាគតរបស់យើងគ្រប់ៗគ្នា។
លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម បានឱ្យដឹងថា កុមារដែលបានយកមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងសមាគមសុទ្ធតែកុមារងាយរង គ្រោះ និងរងគ្រោះ ដូចជាកុមារត្រូវឪពុកម្តាយបោះបង់ ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ត្រូវបានគេ គំរាមគំហែងត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថាមានក្មេងវាយប្រហារ គ្នា មានកុមារផ្សេងទៀតពុំបានទទួលកក់ក្តៅពីគ្រួសារ។
សមាគម បានមើលថែរក្សា ផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ ការថែទាំផ្តល់ការអប់រំរៀនសូត្រ ផ្តល់នូវក្តីសង្ឃឹម ផ្តល់ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីស្រលាញ់ដល់ពួកគាត់គ្រប់ៗគ្នាៗ ដូចជាកុមារឯទៀតផងដែរ។ ហើយសព្វថ្ងៃនេះសមាគមមានកុមារស្នាក់នៅសរុបចំនួន១២៩នាក់ ស្រីចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១៦នាក់។
ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ដូចជា៖ អង្ករចំនួន ១តោន, មី ១៥កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកផ្លែឈើ ១៥កេស,ទឹកដោះគោកូនក្មេង៧កេស, ទឹក សុទ្ធ ២០កេស ព្រមទាំងនំ និងឧបត្ថម្ភថវិកាមួយចំនួនដល់សមាគម លោកគ្រូ អ្នកគ្រូ កុមារទាំងអស់នៅក្នុងសមាគមផងដែរ៕
