Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបំភ្លឺករណីអ្នក កាសែតរកឃើញមីនតោនហើយត្រូវប៉ូលិសចាប់ដាក់គុក

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូម ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនទាំង អស់មេត្តាជ្រាបថានៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មាន Page ឈ្មោះ Pheng Vannak បានផ្សព្វផ្សាយព័ត៌មាន មានខ្លឹមសារថា “អ្នកកាសែតរកឃើញមីនតោនខំយកទៅអោយប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់ គ្នាយកទៅដាក់ គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។

ស្នងការដ្ឋាននគរបាលខេត្ត សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការប្រមូលនូវព័ត៌មានឱ្យបានច្បាស់លាស់ នាំឱ្យ មហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកង កម្លាំងនគរបាលជាតិ។

ដើម្បីកុំឱ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសូមធ្វើការបំភ្លឺជូនថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយក មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាម ឃាត់ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់គឺឈ្មោះ ទី ពិទូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ ពែក ពុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្នងការដ្ឋាននគរបាលខេត្ត សូមគូសបញ្ជាក់ថា ជន សង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិត ប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូត ដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ម្យ៉ាង វិញទៀត សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះ ពាល់ដល់ការ ទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យ សម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនតោននេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាបជាព័ត៌មាន។

អ្វីដែលអ្នកកាសែតមួយចំនួនយកមកផ្សាយបន្តទៀតជុំវិញការចាប់ខ្លួនបុរសអ្នកកាសែតខាងលើនោះ គឺបង្ហាញឲ្យឃើញថា អ្នកកាសែតមួយចំនួនមានកម្រិតចំណេះដឹងនៅទៀតហើយមើលស្រាលទៅដល់ស្ថាប័ន ជាតិពោលគឺកម្លាំងនគរបាល។ គឺជាអ្នកកាសែតដែលមិនមានចំណេះ ដឹងទូទៅគ្រប់គ្រាន់។ ប៉ុន្តែបែរជាពូកែវាយប្រហារមកលើស្ថាប័នរាជរដ្ឋាភិបាលជាពិសេសនគរបាលជាតិទៅវិញ។ ប្រសិនបើយើងគ្មានសមត្ថភាពគួរតែសួរនាំឬស្រាវជ្រាវឲ្យបានច្បាស់លាស់ មុននឹងបញ្ចេញយោបល់ឬធ្វើអត្ថាធិប្បាយបែបណាមួយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299