ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ក្រោយមន្ត្រីជំនាញព្យាករឃើញថា ទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេនៅរដូវប្រាំងនេះចាប់ពីខែកុម្ភៈ ដល់ខែឧសភា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈដល់ដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៥ បង្ហាញថា បរិមាណទឹកភ្លៀងក្នុងខែកុម្ភៈ និងខែមីនា មានតិចជាងមធ្យម អាចបណ្តាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តភាគខាងជើង និងជុំវិញបឹងទន្លេសាប។ ជាពិសេស ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ចំពោះមុខបញ្ហានេះ ក្រសួងស្នើដល់៖«ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់នៅខែកុម្ភៈ និងខែមីនាខាងមុខ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក»។
ការអំពាវនាវរបស់ក្រសួង ធ្វើឡើងដោយផ្អែកទៅលើបាតុភូតសកល និងយោងលើការព្យាករស្តីពីស្ថានភាពនៃការវិវត្តសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បង្ហាញឱ្យថា ចាប់ពីខែកុម្ភៈដល់ខែឧសភា បាតុភូតឡានីញ៉ា នឹងថយចុះមកត្រឹម៣០-៥០ភាគរយ ជំនួសមកវិញនូវបាតុភូតអែនសូ (ENSO-Neutral) កើនឡើង៧០ភាគរយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា នឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ភ្លៀងកក់ខែអាចកើតមានឡើងនៅខែមេសាកម្រិតពីមធ្យមទៅច្រើន។ តំបន់មាត់សមុទ្ទ បរិមាណទឹកភ្លៀងអាចមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
ដោយឡែក ស្ថានភាពនៅដើមរដូវវស្សាវិញ ចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែឧសភា លឿនជាងឆ្នាំ២០២៤ ដោយមានសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យមទៅបង្គួរជាមួយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ហេតុនេះសាធារណជនក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥ នេះដែរ៕
