គិតត្រឹមចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា បានគ្របដណ្ដប់លើភូមិចំនួន៩៩,១៥ភាគរយ ធ្វើឱ្យភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនី នៅសល់ត្រឹម១២០ភូមិប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៥។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ផ្អែកតាមគម្រោងផែនការ ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិ បានចំនួន៥១ភូមិថែមទៀត ដូច្នេះ កម្ពុជានៅសល់ភូមិចំនួន៦៩ឬ០,៤៩ភាគរយ ដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិ។ លោកបន្ថែមថា៖«ភូមិនៅសល់ ជាភូមិមានស្ថានភាពលំបាកខ្លាំង ដូចជា ស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង, តំបន់គ្មានផ្លូវធ្វើដំណើរ, តំបន់កោះ, តំបន់រស់នៅបណ្ដែតទឹក, តំបន់លិចទឹកនៅរដូវវស្សា, តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការប្រើទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ»។
កំឡុងឆ្នាំ២០២៤ ការភ្ជាប់បណ្ដាញអគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងដល់៣ ៨៥៥ ៨៨០ទីតាំង កើនឡើងចំនួន១៥០ ៣៧៥ទីតាំង បើធៀបនឹងឆ្នាំ២០២៣។ បើតាមលោក យឹម វិសិដ្ឋ បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ គឺជាអាទិភាពមួយ ដែលអាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាន់យកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានដាក់ចេញនូវវិធានការដោះស្រាយជាច្រើន។
ជាមួយគ្នា ចាប់ពីឆ្នាំ២០២៥ តទៅ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងត្រួតពិនិត្យឱ្យបានកាន់តែហ្មត់ចត់លើរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ដែលអ្នកកាន់អាជ្ញាបណ្ណត្រូវផ្ដល់ឱ្យ និងធ្វើការវាយតម្លៃអំពីការអនុវត្តរបស់អ្នកកាន់អាជ្ញាបណ្ណ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ៕
