Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ឆ្នេរខេត្តកែប និង​ឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ នឹង​ត្រូវអភិវឌ្ឍជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប នឹងធ្វើការកែប្រែ​ស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។ នេះបើតាមការ​ប្រកាស​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

បើតាម​ក្រសួង គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។
គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រនេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

គេរំពឹងថា បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299