Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ចាក់ដីលុបព្រែកធំសង់ផ្ទះ ក្នុងសង្កាត់ព្រែកថ្មី ខណៈចៅហ្វាយខណ្ឌច្បារអំពៅលោកចេង មុន្នីរ៉ាស្ងាត់ឈឹង

រាជធានីភ្នំពេញ÷ ទិដ្ឋភាពដែលបង្ហាញនៅចំណុចលោកតាផាវ ព្រែកធំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺជាការរំលោភបំពានថ្មីមួយទៀត ដែលគេមិនរំពឹងថា អាចនឹងថយក្រោយនោះឡើយពីព្រោះអ្វីៗដូចពាក្យចាស់ពោលថា”អង្ករក្លាយជាបាយ”អស់ទៅហើយ គួបផ្សំនិងអ្វីដែលអាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹក នាំគ្រប់គ្រងរបស់លោកចេង មុន្នីរ៉ាស្ងាត់ឈឹង ដូច្នេះនៅថ្ងៃខាងមុខព្រែក១នេះ នឹងត្រូវរលាយបាត់រូបពីផែនទី។

ទិដ្ឋភាពបង្ហាញនេះគឺជាព្រែកដ៏ធំ ភ្ជាប់ពីទន្លេបាសាក់ចូលទៅតំបន់បឹងផ្នែកខាងក្រោយ នៃតំបន់ព្រែកប្រាក្នុងខណ្ឌច្បារអំពៅ។ ព្រែកធំមួយដែលមានទទឹងមិនតិចជាង៥០ម៉ែត្រ ត្រូវបានអ្នកមានលុយ,មានអំណាចចាក់ដីលុបជាបន្តបន្ទាប់ និងកំពុងចាក់បេតុងរឹងមាំ ហើយកន្លែងខ្លះក៏កំពុងសង់លំនៅឋានរួចរាល់ហើយដែរ។ នៅ ក្នុងចម្ងាយប្រហែលជាង១០០ម៉ែត្រ នៃបណ្ដោយព្រែកសកម្មភាពចាក់លុប និងដំណើរការសាងសង់កំពុងធ្វើ ឡើងជាធម្មតាហាក់ដូចជាកំពុងសាងសង់ផ្ទះនៅលើដីស្របច្បាប់ដូច្នោះ។ កន្លែងខ្លះគេឃើញទិដ្ឋភាពចាក់ដីចូលក្នុងព្រែកមិនតិចជាង៣០ម៉ែត្រនោះឡើយ។

អ្នកភូមិចាស់នៅទីនេះ មិនហ៊ានចំពោះការរំលោភបំពាននេះទេ ប៉ុន្តែបុគ្គលដែលទៅរស់នៅថ្មីៗ ទំនងជាអ្នកមានលុយនិងមានអំណាចផងជាអ្នកដែលបានធ្វើសកម្មភាព រំលោភបំពានចាក់ដីរំលោភយកព្រែកមួយនេះ។ ទីបំផុតក្រុមអ្នកចំណូលថ្មីបានសាំងយោគ ព្រែកមួយនេះឲ្យទៅ ជាដីដែលមានតម្លៃ ហើយអាជ្ញាធរសង្កាត់-ខណ្ឌត្រូវបានប្រជាពលរដ្ឋនៅទីនោះមើលឃើញថា ជាអ្នកនៅក្រោយ ខ្នងក្នុងផលប្រយោជន៍ណាមួយ។ ប្រជាពលរដ្ឋរស់នៅទីនោះយូរឆ្នាំ មិនបានផលប្រយោជន៍ពីការលុបដីព្រែកនេះនោះទេ ផ្ទុយទៅវិញជនចំណូលថ្មីទំនងជាមានអំណាច និងមានទឹកលុយជាអ្នកលុបព្រែកនេះ។

ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរមិនគួរធ្វើមិនដឹងមិនឮចំពោះបញ្ហានេះទេ។ ពីព្រោះក្រៅពីព្រែកដែលជាសម្បត្តិធម្មជាតិយូររយពាន់ឆ្នាំមកហើយនោះ ព្រែកមួយចំនួនចេញញើសឈាមរបស់ដូនតាខ្មែរ ដែលខំជីកដើម្បីឲ្យទឹកហូរចេញពីទន្លេបាសាក់ ចូលព្រែកនាំយកល្បាប់ទៅ ជាមួយ។ ក្រៅពីភាពស្ងៀមស្ងាត់អាជ្ញាធរសង្កាត់-ខណ្ឌស្ថាប័នជំនាញផ្សេងទៀត រួមមានដូចជាមន្ទីរធនធាន ទឹករាជធានីភ្នំពេញ ក៏ធ្វើជាមិនដឹងមិនឮក្នុងរឿងនេះដែរ។ ប្រជាពលរដ្ឋនិយាយថា ជួនកាលវាជារឿងមិនដឹង មិនឮ មែន។ពីព្រោះមន្ត្រីជំនាញមិនដែលទៅដល់ទីនោះប៉ុន្តែមួយចំណែកទៀត ភាពមិនដឹងមិនឮ ព្រោះតែផល ប្រយោជន៍។

ករណីនេះប្រជាពលរដ្ឋស្នើឲ្យ អភិបាលរាជធានីភ្នំពេញជាពិសេសស្ថាប័នជំនាញ ពិនិត្យមើលករណីនៃដំណើរឆ្ពោះទៅការបាត់រូបរាងព្រែកដ៏ធំមួយ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះផង។ ពីព្រោះថា ការស្ងាត់ស្ងៀមរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ត្រូវបានប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា ទំនងជាមានបញ្ហាពាក់ព័ន្ធនឹងផល ប្រយោជន៍ជាមួយពួកអ្នកចាក់ដីលុបព្រែកនោះហើយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299