Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មន្ត្រី២នាក់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវដកបញ្ឈរជើងពាក់ព័ន្ធនឹងអំពើពុករលួយយកលុយឈ្មួញដឹកជញ្ជូនឈើ

មន្ត្រីពីរនាក់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវមេៗ ដកបញ្ឈរជើងនៅមន្ទីរ ស្របពេលមានសេចក្តីរាយការណ៍ផ្សេងទៀតប្រាប់ថា ពួកគេត្រូវបានសម្របសម្រួលឲ្យត្រឡប់ទៅធ្វើការវិញហើយ។ ការដកមន្ត្រីទាំងពីរនាក់នេះ ពាក់ព័ន្ធទៅនឹងអំពើពុករលួយនៃការទទួលប្រាក់សំណូកពីរឈ្មួញអ្នករកស៊ីដឹកឈើតាមដែនសមត្ថកិច្ចរបស់ពួកគេ។ នៅទីនេះមានសំណួរសួរថា តើឈើដែលពួកឈ្មួញដឹកជញ្ជូនចេញពីភូមិសាស្ត្រខេត្តមណ្ឌលគីរីនោះមានប្រភពមកពីណា?

ប្រភពរាយការណ៍ថា លោក មិន ចាន់រិន្ទ ប្រធាននិងលោកមុយ ដាសិទ្ធ ហៅឌី អនុប្រធានស្នាក់ការរងចំបក់នៃដែនជម្រកសត្វព្រៃកែវសីមា បានទទួលរងការចោទ ប្រកាន់ពីឈ្មួញរកស៊ីឈើនៅស្រុកស្នួល ខេត្តក្រចេះថាបានទទួលប្រាក់សំណូក២ដងចំនួន៥លានរៀលជាថ្នូរនិងការឲ្យដឹកជញ្ជូនឈើចេញ១០កាឡេថង។ ប្រភពបានបញ្ជាក់បន្ថែមថា ពួកឈ្មួញដឹកឈើចេញចំនួន៨ ក្រឡេថង បានបង់ប្រាក់ជូនលោកមុយ ដាសិទ្ធ ហៅឌីចំនួន៤លានរៀល,នេះគឺជាវគ្គទី១។ មួយរយៈក្រោយមកឈ្មួញដដែលបានចរចាសុំដឹកឈើចេញ២កាឡេថងទៀតដោយបង់ប្រាក់១លានរៀល។ តាមរយៈការព្រម ព្រៀងគ្នានេះ ឈ្មួញបានដឹកឈើចេញដោយជោគជ័យប៉ុន្តែលោកមុយ ដាសិទ្ធទារប្រាក់គេ៦០ម៉ឺនរៀលទៀត។តែឈ្មួញមិនឱ្យទេ។

ទារបាន ! ទារបាន!យ៉ាងដូច្នេះ ធ្វើឲ្យឈ្មួញក្តៅក្រហាយ ក៏ប្រគល់ប្រាក់ឲ្យ១០ម៉ឺនរៀលដើម្បីបញ្ចប់បញ្ហា ហើយក៏ទម្លាយរឿងរ៉ាវ នៃការជម្រិតទាប្រាក់របស់មន្ត្រីបរិស្ថានលោកមុយ ដាសិទ្ធិនេះ ប្រាប់អ្នកកាសែតនៅស្រុកស្នួលឲ្យផ្អើលពេញនោះតែម្ដង។ ក្រោយពីរឿងរ៉ាវបែកធ្លាយក៏ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកោះហៅប្រធាននិងអនុប្រធានស្នាក់ការរងចំបក់ទៅសួរនាំ ហើយបន្ទាប់ មកក៏បញ្ឈរជើងនៅមន្ទីរប្រហែល១សប្តាហ៍មកហើយ។

មជ្ឈដ្ឋាននានាចោទជាសំណួរថា ករណីនៃការបង់ប្រាក់របស់ពួកឈ្មួញឲ្យមន្ត្រីបរិស្ថាន នៅស្នាក់ការរងចំបក់គឺជារឿងមួយ។ ប៉ុន្តែរឿងមួយទៀតដែរគួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើពួកឈ្មួញដឹកឈើនោះមកពីប្រភពណា? ពិតណាស់ថា ឈើទាំងនោះប្រាកដជាមិន មែនដឹកចេញពីដែនជម្រកសត្វព្រៃភ្នំព្រិច ឬដែនជម្រក សត្វព្រៃស្រែពកនោះឡើយ។ ប្រាកដណាស់ថា គឺពួកឈ្មញអ្នករកស៊ីកាប់ឈើទាំងនោះ បានដឹកឈើចេញពីតំបន់អភិរក្សកែវសីមានោះតែម្ដង។

ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ប្រជាសហគមន៍បានប្រទះឃើញគំនរឈើនៅក្នុងតំបន់ស្នាក់ការរងស្រែឈូក ជាច្រើនកំណត់ដែលពួកឈ្មួញត្រៀមដឹកជញ្ជូនចេញ។ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅក្រោមការគ្រប់គ្រងលោកស៊ិន សត្ថា ដែលជាញឹកញាប់លោកមិនឆ្លើយតបជាមួយអ្នកកាសែត ឬថាមិនមានភារកិច្ចនិយាយជាមួយអ្នកកាសែតអំពីបញ្ហាមហន្តរាយព្រៃឈើនោះឡើយ។

ប្រភពបានបន្ថែមថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ស្រែឈូកបាននឹងកំពុងកើតមាន។ ប្រជាពលរដ្ឋនៅទីនោះប្រាប់ថា វាជាការឃុបឃិតគ្នារវាងលោកញឹមតុលា ប្រធានស្នាក់ការរងស្រែឈូក ដែលឈរជើងនៅទីនោះយូរឆ្នាំណាស់មកហើយ។ លោកញឹម តុលា ត្រូវគេប្រាប់ថា ជាជនដែលជិតស្និទ្ធនិងមានឥទ្ធិពលជា មួយនឹងលោកប្រធានដែនជម្រកសត្វព្រៃកែវសីមា ស៊ិន សត្ថា។

លោកឌិន ប៊ុនធឿន ប្រធានទទួលបន្ទុករួមនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនលើកទូរសព្ទអ្នកកាសែតទេ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299