Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ធ្លាយករណីដឹកឈើចេញពីដែនជម្រកសត្វព្រៃកែវសីមាតាមស្នាក់ការចំបក់គ្រា ដែលមន្ត្រីឧទ្យានុរក្សយកលុយពីឈ្មួញ១លានរៀល

កាលពីសប្តាហ៍មុន មានករណីភ្ញាក់ផ្អើលអំពីការដែលឈ្មួញចូលទៅដឹកជញ្ជូនឈើ ដែលកាប់បំផ្លាញបាននៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ចេញតាមច្រកស្នាក់ការចំបក់។ មន្ត្រីឧទ្យានុរក្សស្នាក់ការចំបក់ រៀបចំផែនការឲ្យដឹកជញ្ជូនចេញតាមផ្លូវដែលគេរៀបចំឲ្យ ជៀសវាងបែកការណ៍ភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានខាងក្រៅ។ ប៉ុន្តែយ៉ាង ណាក៏ដោយរឿងរ៉ាវនេះ មិនអាចលាក់ជិតបាននោះទេ នៅគ្រាដែលមន្ត្រីម្នាក់នោះ លេបលុយតែឯងមិនចែកមន្ត្រីមានសមត្ថកិច្ចនៅក្បែរៗនោះឲ្យបានលិតផង។

ប្រភពបានរាយការណ៍ថា សកម្មភាពកាប់បំផ្លាញព្រៃ ឈើនៅក្នុងដែនជម្រកកែវសីមាក្រោមសមត្ថកិច្ចដឹកនាំរបស់ លោកស៊ីន សត្ថា នៅតែបន្តកើតមានជាធម្មតា ដែលពួកឈ្មួញចូលពីទឹកដីខេត្តក្រចេះ ហើយដឹកឈើចេញតាមស្នាក់ការចំបក់។ ប្រភពបានរាយការណ៍ឱ្យដឹងថា លោកមុយ ដាសិទ្ធិហៅ ឌី អនុប្រធានស្នាក់ការចំបក់ នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានយកប្រាក់ពីពួកឈ្មួញដឹកជញ្ជូនឈើចំនួន១លានរៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យឆ្លងកាត់ ដែនសមត្ថកិច្ចនៃស្នាក់ការបរិស្ថានចំបក់។ ប៉ុន្តែការដឹកជញ្ជូនឈើនោះ មិនអនុញ្ញាតឲ្យធ្វើដំណើរតាមផ្លូវដែលធ្លាប់ដឹកជញ្ជូនមុនៗនោះទេ គឺលោកឌី ឲ្យដឹកចេញតាមផ្លូវផ្សេងដែលជាការលាក់បាំងភ្នែកមហាជន។

រឿងរ៉ាវពុករលួយដែលបានកើតឡើងកាលពីជាងមួយសប្តាហ៍មុននេះ ធ្វើឲ្យមានការជ្រួលច្របល់នៅក្នុង ចំណោមអ្នកផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលមានភរិយារកស៊ីដឹកជញ្ជូនឈើចេញពីតំបន់ជម្រកសត្វព្រៃកែវសីមា។ ប្រភពបានរាយការណ៍ថា ស្ត្រីម្នាក់បានផ្ដល់ប្រាក់ឲ្យទៅលោកមុយ ដាសិទ្ធហៅឌី ចំនួន១លានរៀលជាថ្នូរនឹងការបានដឹកឈើចេញតាមច្រកចំបក់។ ក៏ប៉ុន្តែប្រហែលជាមានទំនាស់ ក្នុងបញ្ហាផលប្រយោជន៍នៃលុយ១លានរៀលនេះ ទើបធ្វើឲ្យព័ត៌មានត្រូវបានបែក ធ្លាយដល់អ្នកកាសែត។ ប្រភពបានឲ្យដឹងថា ស្ត្រីអ្នករកស៊ីដឹកឈើ និងអ្នកកាសែតនៅតំបន់ស្រុកស្នួល ខេត្ត ក្រចេះមានទំនាក់ទំនងជាមួយគ្នា។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថាលោកមុយ ដាសិទ្ធិ ក៏ជាជើងឯកមួយក្នុងការប្រមូលសេដ្ឋកិច្ច លុយកាក់ជូនលោកប្រធានដែនជម្រកសត្វព្រៃកែវសីមានោះដែរ។ ក៏ ប៉ុន្តែជាធម្មតាផលប្រយោជន៍ដែលទទួលបាន១០ដងគឺលោកឌី ជូនមេតែម្ដងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ
លោកឌី ក៏នៅតែល្អជាងអ្នកដទៃដែល មិនដែលជូនប្រេង សាំងលោកប្រធានការិយាល័យដែនជម្រកសត្វនព្រៃនោះសោះ។ ករណីនេះគេរំពឹងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពិនិត្យមើលឡើងវិញផង។

លេខទូរសព្ទលោកមុយ ដាសិទ្ធ មិនអាចទាក់ទងបាន ទេ។ ក្នុងពេលដែលលោកស៊ិន សត្ថា ព្យាយាមសួររកប្រភពដែលប្រាប់អ្នកកាសែតនោះទៅវិញ។ លោកប្រធានការិយាល័យដែលជម្រកសត្វព្រៃកែវសីមាបាននិយាយថា បានព័ត៌មានមកពីណា? សុំសួរទៅប្រធានស្ថាប័នខ្ញុំ,ខ្ញុំមិនឆ្លើយទេ? ។ លោកនៅតែបញ្ជាក់ដដែលៗអំពីបញ្ហាដែលអ្នកកាសែតបានព័ត៌មាននោះទៅវិញដោយមិនព្រមឆ្លើយឲ្យចំសំណួរនោះឡើយ។

លោកឌិន ប៊ុនធឿន ប្រធានស្ដីទីមន្ទីរបរិស្ថាន ខេត្ត មណ្ឌលគិរីបានថ្លែងប្រាប់សារព័ត៌មានពេញចិត្តមេឌាថា ពិតជាមានការដកលោកមុយ ដាសិទ្ធិ អនុប្រធានស្នាក់ការចំបក់ពិតប្រាកដមែន គឺត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេង ដោយសារតែគាត់មានកំហុសផ្ទៃក្នុង។ តែកំហុសយ៉ាង នោះលោកប្រធានស្តីទីមិនអាចប្រាប់បានទេ។ ហើយក្នុងពេលនេះ លោកមុយ ដាសិទ្ធិ មិនបានបំពេញតួនាទីជាអនុប្រធានស្នាក់ការចំបក់នោះដែរ ទៅកន្លែងផ្សេងហើយ តែចំពោះកន្លែងណានោះ លោកមិនបានប្រាប់ទេ ចាំឆែកមើលសិន៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299