Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ បានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថាន ទឹកព្រែកសង្កែ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។

ក្រុមការងារបានចុះត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្មផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រនិងសង្កេត ឃើញនៅចំណុចខ្លះទឹកព្រែក នៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយនៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជាអ្នកនេសាទនៅតាមដងព្រែកនេះបានឱ្យដឹងថា កាលពីសប្តាហ៍មុននេះទឹក មានទឹកខ្មៅ និងក្លិនយ៉ាងខ្លាំង ហើយបានហូរតាមព្រែក ដែលភ្ជាប់ចូលទៅក្នុងសមុទ្រ ប៉ុន្តែរយៈពេល ២ថ្ងៃមុនពេលក្រុមការងារចុះមក គឺពុំមានទឹកស្អុយចេញមកទៀតឡើយ។

បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យក្នុងទីតាំងក្រុមហ៊ុន ហើយបានរកឃើញថាក្រុមហ៊ុននៅមានការបញ្ចេញសំណល់រាវចេញពីរោងចក្រ មានលក្ខណៈមិនប្រក្រតីមួយចំនួន ដែលក្រុមការការងារត្រូវឱ្យរោងចក្រអនុវត្តច្បាប់ជាធរមាន និងណែនាំវិធានការបន្ទាន់រួមមាន៖

₋  ត្រូវរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យការបញ្ចេញឆ្លើយតបស្តង់ដារ ដោយត្រូវធ្វើការបញ្ចេញសំណល់រាវចូលព្រែកតែ១ទីតាំងគត់។

₋  ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវតាមការកំណត់។

₋  ត្រូវធ្វើការគ្រប់គ្រងភក់ពីអាងប្រព្រឹត្តិកម្មឱ្យមានត្រឹមត្រូវតាមគោលការបច្ចេកទេស និងច្បាប់។

₋  ត្រូវបញ្ឈប់ជាដាច់ខាតលើការដុតសំណល់គ្រប់ប្រភេទ ដើម្បីជៀសវាងការបំពុលបរិស្ថាន។

₋ ស្តារភក់ក្នុងព្រែកសង្កែនេះឱ្យបានស្អាតឡើងវិញ ដើម្បីអាចឱ្យប្រជាពរដ្ឋអាចអាស្រ័យផលពីព្រែកនេះ ដោយមិនមានផលប៉ះពាល់ជាបន្តទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន និងសូមអភ័យទោសដល់ប្រជាពលរដ្ឋដែលបានទទួលរងនូវផលប៉ះពាល់នាពេលកន្លងមក ហើយក្រុមហ៊ុនប្តេជ្ញានឹងធ្វើការអនុវត្តលើចំណុចវិធានការខាងលើ និងគោរពតាមច្បាប់កំណត់។

ជាមួយគ្នានេះក្រុមការងារជំនាញក្រសួងបរិស្ថាន បានបន្តយកសំណាក់ទឹក ជាចុងក្រោយ ដែលបានបញ្ចេញពីរោងចក្រ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួង បរិស្ថានចំនួន ២ ទីតាំងបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីបន្តផងដែរ។

សូមបញ្ជាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា ៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់មាត្រា ៨៤៤បានចែងថា សកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន បុគ្គលដែលធ្វើសកម្មភាពស្តុបទុក បញ្ចេញ កប់ បោះ ចោលកាកសំណល់គ្រោះថ្នាក់ ហើយបង្កឱ្យផលប៉ះ ពាល់ដល់បរិស្ថាន សុខភាពសាធារណៈឬបង្កខូចខាតទ្រព្យសម្បត្តិ ដូចមានចែងក្នុងមាត្រា២៧៣ ( សកម្មភាពបង្កផលប៉ះ ពាល់)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល ទៅ ៥០០លានរៀល៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299