Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រកឃើញមូលហេតុករណី មន្ត្រីរាជការនៅសាលាក្រុងព្រះសីហនុ ពុលអាហារហើយ

ខេត្តព្រះសីហនុ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។

លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមានបាក់ តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើស កម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើស កម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។

សូមបញ្ជាក់ផងដែរថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។

វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួលបន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេសបងប្អូនអ្នករៀបចំ កែច្នៃ និងផលិតម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299