Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

សំណង់រឹងមាំអត់ច្បាប់១កន្លែងនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងស្ងៀម ស្ងាត់ប្រកបដោយហានិភ័យ

ខេត្តពោធិ៍សាត់÷សំណង់រឹង១កន្លែងស្ថិតត្រង់ចំណុចមុខទីស្នាក់ការបរិស្ថានអូរសោមចាស់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់កំពុងដំណើរនការ យ៉ាងស្ងៀមស្ងាត់ដែលអាជ្ញាធរមូលដ្ឋានខ្លះប្រាប់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ប៉ុន្តែខ្លះថាមិនមានច្បាប់នោះទេ។ យ៉ាងណា ក៏ដោយការសង់សំណង់បែបនេះ នៅចំណុចទីតាំងខាង លើត្រូវអ្នកជំនាញមើលឃើញថា ប្រកបដោយហានិភ័យខ្ពស់ ដែលអាចនឹងដួលរលំឬធ្លាក់ចូលជ្រោះ។

លោកមេឃុំអូរសោមបានឱ្យដឹងថា សំណង់រឹងសាងសង់លើដីចំណីស្ទឹងនៅត្រង់ចំណុចទីស្នាក់ការបរិស្ថានចាស់នេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបញ្ជាក់របស់លោកមេឃុំអូរសោម ទំនងជាលោកទទួលបានការស្នើសុំណា មួយបញ្ជាក់លើលិខិតសុំសាងសង់ ឬយ៉ាងណានោះហើយ? ប៉ុន្តែបើនៅលើលិខិតរបស់លោកមេឃុំត្រូវបានសមត្ថកិច្ចជំនាញបដិសេធនោះមានន័យថា សំណង់នៅទីតាំងខាងលើនេះមិនត្រឹមត្រូវតាមច្បាប់ទេ។ មានន័យ ថា លោកមេឃុំមិនមានសិទ្ធិចុះហត្ថលេខាលើភាពស្រប ច្បាប់នៃបញ្ហាសំណង់នេះឡើយ។

លោក ជា ដារី ប្រធានភូមិបាលស្រុកវាលវែងក៏ឆ្លើយប្រាប់អ្នកកាសែតដែរថា សំណង់នៅទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតក្នុងការសាងសង់ តែលោកមិនអាចបញ្ចេញឈ្មោះម្ចាស់សំណង់នោះបានទេ។ បញ្ហានេះនាំឲ្យមានចម្ងល់ថាតើមានអាថ៌កំបាំងអ្វីបានជាមន្ត្រីភូមិបាលមិនអាចប្រាប់ឈ្មោះម្ចាស់សំណង់ ដែលកំពុងធ្វើឱ្យមានមន្ទិលអំពីភាពស្របច្បាប់យ៉ាងដូច្នេះទៅវិញ។ ករណីដែលលោកប្រធានភូមិបាលស្រុកមិនប្រាប់ឈ្មោះម្ចាស់សំណង់នាំឲ្យមានការសង្ស័យអំពីភាពស្របច្បាប់នៃសំណង់ដែលកំពុងដំណើរការនេះ។

លោក ធាង ឡេង អភិបាលស្រុកវាលវែង ហាក់មិនប្រាកដប្រជាចំពោះបញ្ហាសំណង់ស្របច្បាប់ឬមិនស្រប ច្បាប់,មានច្បាប់ឬអត់ច្បាប់នោះទេ។ លោកបានប្រាប់មកអ្នកកាសែតថា បើចង់ដឹងច្បាស់ត្រូវសួរទៅខាងប្រធានរដ្ឋបាលស្រុកទើបគេដឹងច្បាស់ជាង។ ចម្លើយរបស់លោកអភិបាលស្រុកបញ្ជាក់ឲ្យឃើញថា លោកមានការងារច្រើនដែលចាំមិនច្បាប់ថា តើលោកបានចុះហត្ថលេខាឬមិនចុះហត្ថលេខា ចំពោះសំណង់នៅទីតាំងខាងលើនោះ។

លោកប្រធានរដ្ឋបាលស្រុកបានបញ្ជាក់ប្រាប់ថា ការ សាងសង់សំណង់រឹងលើចំណីស្ទឹងខាងលើនេះលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់១លើករួចមកហើយ។ ដូច្នេះវាប្រាកដណាស់ថាសំណង់ដែលកំពុងសាងសង់ខាងលើនោះមិនមានច្បាប់ទម្លាប់ទេ។

គេសង្កេតឃើញថា មជ្ឈដ្ឋានជាច្រើនដែលរួមមានមេឃុំអូរសោម,ក៏ដូចជាអភិបាល ស្រុកវាលវែងហាក់ដូចជាព្យាយាមជួយបិទបាំងសំណង់មិនស្របច្បាប់មួយនេះ។ តើមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត ពោធិ៍សាត់អាចនឹងដឹងរឿងនេះខ្លះដែរឬទេ? តើនរណាជាម្ចាស់សំណង់ដែលកំពុងបង្កឲ្យមានក្តីព្រួយបារម្ភ និងហានិភ័យទៅថ្ងៃអនាគតនៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់នោះ?៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299