Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រុមអាជ្ញាធរខេត្តកំពង់ស្ពឺចុះពិនិត្យការដ្ឋានសំណង់អគារខុសច្បាប់ និងសង់រំលោភយកដីចំណីប្រឡាយ នៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសីហើយ!

(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការចុះផ្សាយយ៉ាងព្រោងព្រាតតាមបណ្ដាញសារព័ត៌មានក្នុងស្រុកនានានិងតាមបណ្ដាញសង្គមពាក់ព័ន្ធករណីលួចសាងសង់សំណង់អាគារកម្ពស់ប្រាំ ប្រាំមួយ ប្រាំពីរជាន់អត់ច្បាប់ និងបានសង់រំលោភយកដីចំណីប្រឡាយរដ្ឋ នៅចំណុចប្រឡយ៦៥ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយ និងបានឲ្យផ្អាកដំណើរសាងសង់ក៏ដោយ ប៉ុន្តែម្ចាស់សំណង់ហាក់បីដូចជាមិនព្រឺសម្បុរ ឬខ្លាចរអារអាជ្ញាធរនិងច្បាប់បន្តិចសោះឡើយ ពោលគឺម្ចាស់សំណង់អត់ច្បាប់នេះ នៅតែលួចលាក់ឲ្យជាងចូលធ្វើជាធម្មតា។

ជុំវិញការសាងសង់សំណង់អត់ច្បាប់និងរំលោភដីចំណីប្រឡាយរដ្ឋនេះ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យការដ្ឋានសំណង់អគា រដែលសាងសង់ខុសច្បាប់ និងរំលោភចំណីប្រឡាយ ស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

ពាក់ព័ន្ធករណីសំណង់ខុសច្បាប់ និងបានសង់រំលោភដីចំណីប្រឡាយរដ្ឋខាងលើ គេនៅមិនទាន់ឃើញមានការបញ្ជាក់ខ្លឹមសារលម្អិត ជុំវិញករណីសំណង់ខុសច្បាប់ខាងលើនេះនៅឡើយនោះទេ ប៉ុន្តែបើតាម លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឲ្យដឹងថា ម្ចាស់សំណង់ឥតច្បាប់ខាងលើឈ្មោះ ហង្ស ចាន់នាង (ហង្ស ស្រីមាន)។

គួរជម្រាបថា លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីក៏ធ្លាប់បានប្រាប់អ្នកកាសែត អោយដឹងដែរថា លោកអភិបាលរងទទួលបន្ទុកថា សំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលស្រុកបានឃាត់ចំនួន០៣លើកមកហើយ ម្ចាស់នោះតែងតែលួចលាក់ នឹងធ្វើបន្ត ទោះបីជាមានការឃាត់ច្រើនលើកក៏ដោយ ករណីនេះ រដ្ឋបាលស្រុក នឹងសុំគោលការណ៍ និងវិធានការបន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។

ទាក់ទិនករណីខាងលើនេះ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺក៏មិនបានចូលរួមជួយបំភ្លឺជុំវិញករណីខាងលើទេ ដោយលោកបានព្យាយាមគេចវេសពីអ្នកសារព័ត៌មាន ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលទៅកាន់លោក លោកតែងតែនិយាយថា លោកជាប់ប្រជុំ និងបានចុចទូរស័ព្ទបិទតែម្ដង។ បន្ទាប់មកអ្នកសារព័ត៌មានក៏នៅតែព្យាយាមខលទូរស័ព្ទទៅកាន់លោកម្ដងទៀត មិនក្រោមក្បែរ១០ដងនោះទេ ដើម្បីឲ្យលោកជួយបំភ្លឺ ចៀសវាមានការភាន់ច្រឡំណាមួយ តែរាល់ពេលខលចូលគឺគ្មានមនុស្សលើកនោះឡើយ ថាតើអាកប្បកិរិយាបែបនេះ អាចឆ្លុះបញ្ចាំពីក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមលោកជាមន្ត្រីជាអ្នកបម្រើរាស្ត្រដែរឬយ៉ាងណា?

បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យអ្នកកាសែតដឹងថា ប្រឡាយខាងលើនេះ គឺជាប្រឡាយ៦៥ នៅក្នុងឆ្នាំ២០០៧ ក្រសួងបានធ្វើការស្ដារប្រឡាយនេះ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋ ពង្រីកបន្ថែមរហូតមានទំហំទទឹង៣០ម៉ែត្រ ប៉ុន្តែលោកមិនដឹងថា អាគារខាងលើនោះ គេធ្វើហើយមុន ឬយ៉ាងម៉េចនោះទេ? ហើយប្លង់ចេញមុនឬម៉េចទេ ហើយក៏មិនដឹងថា បានកាត់កងគ្នា ឬក៏អត់នោះដែរ? ក្រៅពីអាគារអត់ច្បាប់ខាងលើ លោកក៏បានលើកឡើងពីរោងចក្រធ្វើរបងរំលោភយកដីមាត់ប្រឡាយ៦៥ផងដែរ ដោយលោកថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ ហើយលោកក៏បានទាមទារឲ្យវ៉ៃចេញដែរ ប៉ុន្តែលោកអត់ទាន់ដឹងថាវ៉ៃពេលណា។ លោកបន្ថែមថា លោកបានបង្កើតគណៈកម្មការដើម្បីវាយរបងហ្នឹង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់កម្មករ។

លោកបានបន្តថា លោកដឹងថារោងចក្រធ្វើរបងរំលោភយកដីប្រឡាយមុនលោកឡើងមកធ្វើជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺទៅទៀត ហើយលោកក៏បានឲ្យវ៉ៃរបងចេញឲ្យអស់ដែរ ព្រោះលោកបានប្រជុំពីរបីដងហើយ ប៉ុន្តែមិនទាន់បានដំណើរការស្រួលបួល ព្រោះរោងចក្រគេកំពុងធ្វើការ បើវ៉ៃទៅ វាខុសខ្សែចង្វាក់ផលិតកម្ម តែលោកបានឲ្យគេគូសវាសប្លង់ហើយ តែក្រោយមកអត់លុយ ក៏ផ្អាកទៅ កាលកូវីដ១៩។ ប៉ុន្តែលោកអត់ពន្យាពេលទេ តែលោកអត់មានពេលវេលាណាមួយទៅអនុវត្តនៅកន្លែងនឹង។

ពាក់ព័ន្ធករណីសំណង់អត់ច្បាប់ និងរបងអត់ច្បាប់ខាងលើនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា លោក «ទទួល»។

ជាមួយនោះ ពាក់ព័ន្ធករណីសំណង់អត់ច្បាប់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲអ្នកកាសែត ដឹងផងដែរថា «គណៈបញ្ជាការឯកភាពស្រុក និងខេត្តត្រូវតែចាត់ការហើយ ព្រោះខាងជំនាញបានផ្ដល់យោបល់ជូនលោកហើយ»៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299