អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០.១០ នាទី រំលងអធ្រាត កម្លាំងសមត្ថកិច្ចនគរបាល បានបង្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបង្ក ឡើងដោយក្រុមក្មេងទំនើង ២ក្រុម វាយគ្នាទៅវិញទៅ មក នៅចំណុចបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ករណីក្រុមក្មេងទំនើងវាយគ្នាទៅវិញទៅមកនេះ គឺគ្រាន់តែទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង និងឃាត់ខ្លួនជន សង្ស័យទាំង២ក្រុម នៅនឹងកន្លែងកើតហេតុដោយក្រុម ទី១ មានគ្នាច៊៨នាក់ និងក្រុមទី២ មានគ្នា៧នាក់ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ដែរថា ក្រៅពីជនសង្ស័យទាំង ១៤នាក់ ក្នុងនោះមានម្នាក់រងរបួសធ្ងន់ កំពុងសម្រាកនៅមន្ទីរពេទ្យខេត្ដកំពង់ចាម។ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាង មួយចំនួន ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកោះសូទិនតាមបញ្ជា លោក វង្ស ប៊ុនវិសុទ្ធ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ដើម្បី ចងក្រងសំណុំរឿងតាមនីតិវិធី ៕
