Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ជំងឺកញ្ជ្រឹលផ្ទុះកើតឡើងវិញ ក្រសួងអំពាវនាវអាណាព្យាបាលនាំកុមារទៅទទួលវ៉ាក់សាំងបង្ការឱ្យគ្រប់ចំនួន

ក្រសួងសុខាភិបាលកាលពីចុងសប្តាហ៍នេះ បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបនាំកុមារតូចៗដែលមានអាយុចាប់ពី៩ ខែដល់ក្រោម៥ឆ្នាំ ដែលមិនទាន់ទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលទៅទួលយកការចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនពីរដូស។ ការអំពាវនាវរបស់ក្រសួងនាពេលនេះធ្វើឡើងក្រោយរកឃើញថា ករណីជំងឺកញ្ជ្រឹលបាន ផ្ទុះកើតឡើងវិញ ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួន។

ក្រសួងគូសបញ្ជាក់ថា ករណីនៃជំងឺកញ្ជឹលមានការកើនឡើង ចាប់តាំងពីខែតុលាមក ហើយក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រឹល សរុប៣៧៥ករណីក្នុងខេត្តចំនួន១៧។ ដូច្នេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ ចាប់តាំងពីថ្ងៃទី៣១តុលា រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ បន្ថែមលើនោះកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល ក៏បាននិងកំពុងបន្តតាមដានស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។

ជំងឺកញ្ជ្រឹល គឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មានការផ្ទុះរាលដាលនៃជំងឺញ្ជ្រឹល នៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្ដប់វ៉ាក់សាំងបង្ការបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។ កម្ពុជា រួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជ្រឹលឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។

ផលវិបាកក្រោយកើតជំងឺនេះ អាចពិការភ្នែក រលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល) រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ ឆ្លងមេរោគក្នុងត្រចៀក បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត។ ប្រសិនបើស្ត្រីមានជំងឺកញ្ជ្រឹល អំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្តាលឱ្យទារកកើតមិនគ្រប់ខែ និងមានទម្ងន់ទាប។ វីរុសជំងឺកញ្ជ្រឹល ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លង មេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។

ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹល ចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស។ រោគសញ្ញាដំបូងច្រើនកើតមានក្នុងរយៈពេល ៤ ទៅ៧ថ្ងៃ អ្នកឆ្លងជំងឺចាប់ផ្តើម ហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែកមានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់។ កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃ-ក រោគសញ្ញានេះកើត មាន ៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។

ក្រសួងសុខាភិបាលអះអាងថា មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការរការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល គឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ហេតុនេះក្រសួង អំពាវនាវ ដល់មាតា បិតា និងអាណាព្យាបាល ត្រូវនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបាន ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រោល-ស្អូច ឱ្យបានពីរដូស និងគ្រប់គ្នានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅទូទាំងប្រទេស។ ម៉្យាងវិញទៀតប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹល ដូចជាមានរោគសញ្ញា ក្ដៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួលក្រហម ត្រូវនាំកុមារមកពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299