នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ នឹងឈានដល់ការចែកបណ្ណជូនប្រជាពលរដ្ឋដែលត្រូវទទួលបាន ក្នុងអំឡុងឆ្នាំ២០២៧។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មកដល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន៣លាន៤សែនក្បាលដី និងបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានចំនួន៨ម៉ឺន៧ពាន់បណ្ណ ខណៈសម្តេចធិបតី បញ្ជាក់បន្ថែមថា នៅសល់តែប្រហែល១លាន៣សែនក្បាលដីទៀតនោះទេ ដែលត្រូវចុះបញ្ជីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
សម្តេចមហាបវរធិបតីមានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាឱ្យគោលដៅរបស់យើង គ្រោងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជី ដើម្បីយើងឈានទៅដល់ការចែកបណ្ណ ជូនប្រជាពលរដ្ឋដែលត្រូវបានទទួលបានឱ្យចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ និយាយរួមជិត៤០ឆ្នាំ នៃខួបនៃការផ្តល់ដីសម្បទាន ចឹងខ្ញុំសូមជូនព័ត៌មាននេះ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប”៕
