Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

បុណ្យសមុទ្រនៅខេត្តកំពត ទាក់ទាញទេសចរជិត៤០ម៉ឺននាក់

ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត ក្នុងរយៈពេល៣ថ្ងៃ បានទាក់ទាញទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% និងទេសចរបរទេស ចំនួន៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣ ។

បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយ ភាពឱឡារិក, អធិកអធម, មានភាពរលូន, បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព, មានសណ្តាប់ធ្នាប់សាធារណៈល្អ, រក្សាបាននូវបរិស្ថានអនាម័យល្អ។

ចំពោះ​ការ​តាំង​ពិព័រណ៌​សមិទ្ធផល, មហោស្រពម្ហូបអាហារ​និងភេសជ្ជៈ, ការ​តាំង​ពិព័រណ៌​ពាណិជ្ជកម្ម​ផលិតផល​ក្នុងស្រុក និង​ក្រៅស្រុក និង​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ព្រមទាំង​ការ​សម្តែង​ទស្សនីយភាពសិល្បៈ, ការ​ប្រគុំ​តន្រ្តី, តន្រ្តីមហាជន, ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយជាច្រើន​ទៀត ក៏​ទទួល​បានការ​ចូលទស្សនា​ជា​ច្រើន​ម៉ឺននាក់ និង​មានការ​គាំទ្រ​យ៉ាង​ច្រើនផុសផុល​ពីភ្ញៀវជាតិ និង​អន្តរជាតិ។

ដោយឡែក​កម្មវិធី​ជំនួបផ្លាស់ប្តូរ​ពាណិជ្ជកម្មទេសចរណ៍​អន្តរជាតិឆ្នាំ​២០២៤ ដែលជា​ព្រឹត្តិការណ៍​អមលើកទី១ បាន​ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ ក្នុងនោះ​ក្រុមហ៊ុន​ទេសចរណ៍​មក​ពី​៩ប្រទេស និងប្រតិបត្តិករ​ទេសចរណ៍​ក្នុងស្រុក​បានឈានទៅ​ចុះកិច្ច​សន្យា​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ជំរុញ​ការ​តភ្ជាប់​ពីបណ្តា​ប្រទេស​នានា​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅបណ្តា​ប្រទេស​ផ្សេង​ទៀត ជាពិសេស​ការ​បង្កើន​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មក​កាន់តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា។

ក្នុងពិធីនោះ ក៏​មានការ​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិខេត្តកំពត ដែលជា​សមិទ្ធផលថ្មី នឹង​ដើរ​តួជា​ច្រកចេញ-ចូល សម្រាប់ភ្ញៀវទេសចរ, ការតភ្ជាប់​ជាមួយ​អ្នកធ្វើដំណើរ​ក្នុង​តំបន់ តាមច្រកសមុទ្រ ពីគោលដៅ​សំខាន់ៗ​នៅ​តាមតំបន់ឆ្នេរកម្ពុជា, ពីកំពង់ផែនានា រួមទាំង​កំពង់ផែ​នៅ​ខេត្តព្រះសីហនុ, ខេត្តកោះកុង និង​កំពង់ផែនៅ​ប្រទេស​ជិតខាង ព្រមទាំង​ពីគោលដៅ​ផ្សេងៗ​ទៀត​ចូល​មក​កាន់​ខេត្តកំពត។

ក្រសួងទេសចរណ៍​បញ្ជាក់ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ និង​ជា​ទីមោទនៈ​នៃការ​រៀបចំ​ពិធីបុណ្យសមុទ្រ​ឆ្នាំ​២០២៤នេះ គឺ​មានការ​ចូលរួម​កាន់តែ​ផុលផុស​ពីគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងផ្នែក​រដ្ឋ និង​ឯកជន និង​ទទួលបាន​ការ​ចាប់អារម្មណ៍​កាន់តែខ្លាំងពីបងប្អូន​ប្រជាពលរដ្ឋ ទេសចរណ៍​ជាតិ និង​អន្តរជាតិ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299