Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មន្ត្រីយោធាខេត្តមណ្ឌលគិរីម្នាក់នៅពីក្រោយ នៃការរុករករ៉ែមាសនៅតំបន់ស្រែពក,លោកវុធ សារុម បដិសេធថាមិនដឹងទេ មានតែបង្ក្រាប

ប្រភពខ្សិបខ្ញៀវឲ្យដឹងថា មន្ត្រីយោធាខេត្តមណ្ឌលគិរីម្នាក់ឈ្មោះស្រ៊ី និងជាម្ចាស់សណ្ឋាគារមួយផងនោះបានធ្វើសកម្មភាពជីកកកាយរុករករ៉ែមាស នៅក្នុងតំបន់ដែនអភិរក្សស្រែពកក្នុងក្រុមហ៊ុនសិក្សារ៉ែមាស ឃុន យ័ន្ត ដែលបង្កឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរ ក៏ត្រូវបែក សំបុកមួយរយៈពេល។ បើតាមប្រភពបានបន្ថែមថា ក្រុមមន្ត្រីយោធានេះមានទំនាក់ទំនងជិតស្និត ជាមួយប្រធានដែនជម្រកសត្វព្រៃស្រែពកនោះទៀតផង។ លោកវុធ សារុម ប្រធានការិយាល័យដែលជម្រកសត្វព្រៃស្រែពក -ណាមលៀ បដិសេធចំពោះព័ត៌មាននេះ។

ប្រភពពីប្រជាពលរដ្ឋ នៅស្រុកកោះញែកបានឲ្យដឹងថាការរុករករ៉ែមាស អនាធិបតេយ្យនៃក្រុមលោក ស៊្រី ដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដេញប្រជាពលរដ្ឋចេញ ហើយពួកគេបានដាក់គ្រឿងម៉ាស៊ីនចូល ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសវៀតណាម។ ក្រុមលោកស្រ៊ី នេះត្រូវគេប្រាប់ថា បានរត់ចេញមកពីតំបន់ចុងផ្លាស់ ស្រុកកែវសីមា បន្ទាប់ពីរដ្ឋបាលខេត្តចាត់ វិធានការតឹងនៅខាងចុងផ្លាស់នោះ។

អ្នកភូមិដែលធ្លាប់ត្រូវក្រុមលោកស្រ៊ី ដេញពីការរុករករ៉ែមាសនេះបានប្រាប់ថា ពួកគេមានចំណែកភាគរយនៃការចែកផលប្រយោជន៍ដែលទទួលបាន ក្នុងនោះសូម្បី តែលោកនាយកដែនជម្រកសត្វព្រៃស្រែពក ក៏ទទួលបានចំណែកនោះដែរ។ សេចក្តីរាយការណ៍បន្ថែមថា ក្រុមលោកស្រ៊ីនេះ មិនលះបង់គំនិតនៃការរុករករ៉ែមាសនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះឡើយ។ បើទោះ បីជាមកដល់ពេលនេះអាជ្ញាធរស្រុកកោះញែកបានដេញប្រជាពលរដ្ឋចេញហើយក៏ដោយ។

លោកវុធ សារុម ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបដិសេធចំពោះការលើកឡើងខាងលើនេះដោយបញ្ជាក់ថា លោកជាអ្នកដែលបានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ចុះទៅបង្ក្រាបការរុករករ៉ែមាសរបស់ប្រជាពលរដ្ឋ នៅក្នុងដីក្រុមហ៊ុននោះទៀតផង។ លោកបញ្ជាក់ថា មិនពាក់ ព័ន្ធនឹងផលប្រយោជន៍ណាមួយ ជាមួយប្រជាពលរដ្ឋឬមន្ត្រីយោធាម្នាក់ណានោះឡើយ។

លោក សី ទូច អភិបាលស្រុកកោះញែកបានឆ្លើយតបនឹងពេញចិត្តមេឌា តាមប្រព័ន្ធទូរសព្ទថា មិនមានវត្តមានលោកវុធ សារុម ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ចុះទៅបង្ក្រាបបទល្មើសរ៉ែមាសនោះឡើយ។ ក្នុងនាមជាអ្នកចុះបង្ក្រាបផ្ទាល់លោកអភិបាលស្រុកប្រាប់ថា អាជ្ញាធរនឹងតាមដានបន្តទៀត ពីព្រោះពួកជនខិលខូច ដែលហាក់ ដូចជាមានអ្នកនៅពីក្រោយខ្នង មិនចង់លះបង់គំនិតនេះទេ។ លោកបានបន្ថែមថា ការចុះបង្ក្រាបលើកទី១ ដឹកនាំដោយមន្ត្រីបរិស្ថានលោកទឹម ធឿន និងលើកទី២ដឹកនាំដោយលោកផ្ទាល់ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក សហការជាមួយនឹងមន្ត្រីបរិស្ថាន។

ប្រភពពីខាងក្រុមហ៊ុនបង្ហើបថា ពួកក្រុមរករ៉ែមាសនេះមានអង្គការចាត់តាំងត្រឹមត្រូវ ផែនការច្បាស់លាស់ក្នុងការចូលដីក្រុមហ៊ុន។ រីឯការបង្ក្រាបនោះទៀតសោតគឺត្រូវធ្វើដោយស្ងាត់កំបាំងបំផុត ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាក្រុមជនសង្ស័យចេះតែដឹងមុន ហើយគេចខ្លួនបាត់យ៉ាងដូច្នេះ។ បើតាមខាងក្រុមហ៊ុនសង្ស័យថា គឺក្រុមមន្ត្រីបរិស្ថាន ជាអ្នកឲ្យតម្រុយទៅក្រុមអ្នកប្រព្រឹត្ត ល្មើសដើម្បីរត់គេច មុនការបង្ក្រាបទៅដល់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299