កំពង់ស្ពឺ៖ ករណីលួចលុបប្រឡាយរដ្ឋប្រមាណជាជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅលើទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្របោកគក់ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទទួលបាន។
បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងដែរថា ប្រឡាយនេះ គេលុបយូរហើយ គេហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា ហើយប្រឡាយនេះវែងណាស់តដល់ស្ទឹងព្រែកត្នោតនិងតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមលោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ»។ ពាក់ព័ន្ធករណីលួចលុបប្រឡាយរដ្ឋខាងលើនេះ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា មិនអាចសុំការបំភ្លឺបន្ថែមពីលោកចៅហ្វាយស្រុក ហាន ពិសិដ្ឋ បាននោះទេ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រោះទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកលើក។
ទាក់ទិនករណីខាងលើនេះ បើតាមប្រភពពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា គឺមានតែលោក គង់ ឈុនលី នាយករដ្ឋបាលស្តីទីសាលាខេត្តកំពង់ស្ពឺទេ ដែលអាចដឹងរឿងខាងលើនេះ។
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបញ្ជាក់បន្ថែមឬបំភ្លឺពីលោក គង់ ឈុនលី នាយករដ្ឋបាលស្តីទីសាលាខេត្តកំពង់ស្ពឺបាននៅឡើយនោះទេ ដោយសារពុំមានលេខទូរស័ព្ទអាចទំនាក់ទំនងបាន៕
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា និងផ្សាយជូនបន្ថែមទៀត នៅពេលដែលទទូលបានព័ត៌មានថ្មីៗ
