ក្រមាខ្មែរ បានក្លាយជាមរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីយប់ថ្ងៃទី០៤ ខែធ្នូ តាមរយៈសេចក្ដីសម្រេច 19.COM 7.b.27 នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីនេះ បានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្កការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ ក្នុងនោះ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ។ ចំណែក “ក្រមា” គឺជាមរតកវប្បធម៌អរូបីទី៧៕
