Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

តាមរយៈរូបភាពបង្ហាញដោយក្រុមលោកតាន់ គឹមសួរ តើការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សស្រែពកក្នុងកម្រិតធម្មតាឬធ្ងន់ធ្ងរ?

គំនរអាចម៍រណានៅក្បែរផ្ទះរបស់យាយរឿន ជាប់ជាយ ដែនអភិរក្សបរិស្ថានស្រែពកនិងគំនរឈើដែលរកឃើញដោយលោកតាន់ គឹមសួរ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកអាចវាស់ស្ទង់បាន អំពីទំហំមហន្តរាយព្រៃឈើនៅក្នុងដែនអភិរក្សកម្រិតណា? ក្រៅពីការបង្ហាញដោយ ក្រុមលោកតាន់ គឹមសួរហើយនោះ តើក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីអ៊ាង សុផល្លែតចាត់វិធានការយ៉ាងណាចំពោះជនពាក់ព័ន្ធនិងបទល្មើសទាំងនេះ?

អ្វីដែលគេចង់និយាយនៅទីនេះ មិនចាំបាច់យកច្បាប់ ទម្លាប់វែងឆ្ងាយមកបកស្រាយនោះទេ។ សំណួរសួរថាតើរូបភាពដែលបង្ហាញដោយលោកតាន់ គឹមសួរ ជារូបភាពពិតឬទេ? វាជារូបភាពកាត់ត? រូបភាពក្លែងក្លាយ ដែលបង្កឲ្យមានភាពញុះញង់ដល់មន្ត្រីអ្នកអនុវត្តច្បាប់ដែលកំពុងបង្ហូរញើសគ្រប់គ្នានោះឬយ៉ាងណា? គ្មានទេ ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់អភិរក្សដែនស្រែពកដូចដែលលោកតាន់ គឹមសួរ រកឃើញនោះ? បើវាជារូបភាពក្លែងក្លាយ ដូច្នេះស្ថាប័នជំនាញនៃដែនអភិរក្សស្រែពកគ្រាន់តែចេញសេចក្តីបំភ្លឺ១សន្លឹក គឺជាការស្រេច?រួចហើយដើរអេសពោះធ្វើមិនដឹង?ចប់រឿង។

ប៉ុន្តែខ្លាចថា អ្វីដែលលោកតាន់ គឹមសួររកឃើញគឺជារូបភាពពិត បើទោះបីជាឈើនោះជាឈើចាស់ឬឈើថ្មីយ៉ាងណាក៏ដោយ។ ឈើចាស់ឬឈើថ្មីបានបង្ហាញច្បាស់ថាការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនអភិរក្សស្រែពក ដូចដែលលោកតាន់ គឹមសួរ រកឃើញគឺបាននឹងកំពុងកើតមានយ៉ាងសកម្ម។ ក្រៅពីការរកឃើញគំនរឈើនិងកម្ទេចអាចម៍រណាកំពស់ជាង៥ម៉ែត្រ ចំណែកនៃសិប្បកម្មរបស់យាយរឿន នៅតំបន់ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនោះ សេចក្តីរាយការណ៍ផ្សេងៗបានបន្ថែមដែរថា សកម្មភាពកាប់និងដឹកជញ្ជូនឈើបានកើតឡើងយ៉ាងគគ្រឹកគគគ្រេង នាគ្រាកន្លង មក មុនពេលដែលក្រុមលោកតាន់ គឹមសួរ ទៅដល់។

ប្រភពខ្លះបង្ហើបថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅ ក្នុងតំបន់អភិរក្សបានកើតមានបន្តជាហូរហែតាំងពីជំនាន់លោកឆៅ ប៊ុនធឿន នៅធ្វើជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះម៉្លេះ។ ការរកឃើញគំនរឈើនៅក្នុងតំបន់នានានៅស្រុកពេជ្រាដា គឺគ្របដណ្ដប់ភាគច្រើនទៅលើតំបន់អភិរក្សស្រែពក។ រីឯការរកឃើញឈើនៅ ក្នុងស្រុកកែវសីមា គឺភាគច្រើនគ្របដណ្ដប់នៅលើដែនអភិរក្សសីមា។ ការរកឃើញគំនរឈើទាំងនេះ មន្ត្រីជំនាញអាចនិយាយបាន យ៉ាងនេះយ៉ាងនោះ ឬដោយអ្នកនេះ ដោយអ្នកនោះ? ប៉ុន្តែគេមិនអាចបដិសេធបាននោះទេអំពីបញ្ហាវិនាសកម្មនៃការកាប់ឈើ។

ប្រភពបានរាយការណ៍ថា ក្រៅពីតំបន់អភិរក្សស្រែពកឬតំបន់កែវសីមា ក៏នៅមានតំបន់ភ្នំព្រិចផងដែរ។ តំបន់ភ្នំព្រិចដែលកំពុងរងវិនាសកម្មយ៉ាងខ្លាំងនោះ ស្ថិតនៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ ក្រុមលោកតាន់ គឹមសួរមិនទាន់ទៅដល់តំបន់អន្ទ្រង នៃដែនជម្រកសត្វព្រៃភ្នំព្រិចនៅឡើយទេ។ ប្រភពបានឱ្យដឹងថា តំបន់អន្ទ្រង កំពុងរងនូវការកាប់បំផ្លាញ យ៉ាងខ្លាំងបំផុត បើទោះជាពេលនេះឈើដែលបានកាប់បំផ្លាញរួចត្រូវបានដឹក ជញ្ជូនចេញអស់ហើយក៏ដោយ ប៉ុន្តែគេអាចឃើញគល់ឈើដែលទើបតែកាប់រួចថ្មីៗជាច្រើនរយដើម។

វត្តមានរបស់ក្រុមលោកតាន់ គឹមសួរនៅខេត្តមណ្ឌលគីរីហាក់ដូចជាបានបំបែកឆ្នាំងបាយមន្ត្រីនិងឈ្មួញខិលខូច ជាមួយរបររកស៊ីបំផ្លិចបំផ្លាញធនធានធម្មជាតិ។ តើវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចនឹងត្រូវធ្វើអ្វីទៀតនោះ គេកំពុងរង់ចាំមើល។ តើវិនាសកម្មទាំងនេះមានអ្នកទទួលខុសត្រូវដែរឬទេ?៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299