បុរសដែលជាទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (CIA) ម្នាក់ឈ្មោះ Asif William Rahman ត្រូវបានភ្នាក់ងារ FBI សហរដ្ឋអាមេរិកចូលមកចាប់ខ្លួនដល់ប្រទេសកម្ពុជា និងនាំយកទៅកាត់ទោស ក្រោយបានធ្វើឱ្យបែកធ្លាយឯកសារផែនការវាយប្រហារសងសឹករបស់អ៊ីស្រាអ៊ែល ទៅលើប្រទេសអ៊ីរ៉ង់។
បើតាមការចុះផ្សាយរបស់កាសែតញូយ៉កថាមស៍ លោក Asif William Rahman ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅប្រទេសកម្ពុជា ។ កាសែតញូយ៉កថាមស៍ អះអាងថា ពីរថ្ងៃក្រោយត្រូវបានចាប់ខ្លួន ភ្នាក់ងារចារកម្ម Asif William Rahman ក៏ត្រូវបាននាំទៅបង្ហាញខ្លួននៅក្នុងតុលាការអាមេរិក។
បើតាម កាសែតញូយ៉កថាមស៍ ដដែល ឯកសារបែកធ្លាយនោះ បង្ហាញពីផែនការដែលអ៊ីស្រាអែលគ្រោងបាញ់គ្រាប់មីស៊ីលលើអ៊ីរ៉ង់ ដើម្បីជាការសងសឹកលើអ៊ីរ៉ង់វិញ ដែលបានបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីអំឡុងខែតុលា ឆ្នាំ២០២៤។ «ឯកសារនោះ បានបង្ហាញយ៉ាងលម្អិតនូវរូបភាពផ្កាយរណប ផ្តល់តម្រុយពីភាពអាចកើតមានឡើងនូវការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដោយប្រើគ្រាប់មីស៊ីល និងប្រភេទយន្តហោះចម្បាំងផ្សេងៗ ដែលអ៊ីស្រាអែលធ្លាប់ប្រើកន្លងមក»។
ជុំវិញករណីប៉ូលិស FBI ចូលមកចាប់ខ្លួន CIA អាមេរិកនៅកម្ពុជានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាមានប្រសាសន៍ថា លោកមិនអាចបកស្រាយចំពោះករណីនេះបានទេ៕
