Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

នាល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។

ឯកឧត្តមបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបឯកឧត្តមអភិបាលខេត្ត ម្ដងទៀត។ សម្ដេចបវរធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

សម្តេចបវរធិបតី និងឯកឧត្តមអភិបាលខេត្តបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។

ឯកឧត្តមអភិបាលខេត្តបានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន  និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299