ការប្រាស្រ័យទាក់ទងជាមួយសត្វជ្រូកអាចនឹងកើតមានក្នុងពេលឆាប់ៗនេះ ខណៈដែលអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានបង្កើតឧបករណ៍ AI ដែលអាចបកស្រាយពីអ្វីដែលសត្វកំពុងនិយាយ។
មូលហេតុដែលអ្នកវិទ្យាសាស្ត្របង្កើតក្បួនដោះស្រាយដែលប្រើ AI នេះ គឺស្ថិតក្នុងគោលបំណងបង្កើតឧបករណ៍ថ្មីមួយ ដែលអាចជួយកសិករកែលម្អសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេ។
ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Sky News បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសដាណឺម៉ាក អាល្លឺម៉ង់ ស្វីស បារាំង ន័រវែស និងសាធារណរដ្ឋឆេក បានប្រើសំឡេងសត្វជ្រូករាប់ពាន់ក្បាល ដែលថតទុកក្នុងសេណារីយ៉ូផ្សេងៗគ្នា មានដូចជាការលេង ភាពឯកោ និងការដណ្តើមចំណី ដើម្បីសិក្សាថាតើការស្រែករបស់ពួកវា បង្ហាញពីអារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន។
សំឡេងដែលមានប្រេកង់ខ្ពស់ ដូចជាការស្រែក ជាធម្មតាមានន័យថា ជ្រូកមិនស្រួលខ្លួន ឧទាហរណ៍នៅពេលដែលពួកវាឈឺចាប់ ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា។ អ្នកវិទ្យាសាស្ត្របានប្រើការរកឃើញទាំងនេះ ដើម្បីបង្កើតក្បួនដោះស្រាយដែលប្រើ AI។
អ្នកស្រី Mandel-Briefer អ្នកជីវវិទូខាងអាកប្បកិរិយានៅសាកលវិទ្យាល័យ កូប៉ិនហាក ប្រទេសដាណាម៉ាក ដែលជាសហដឹកនាំការសិក្សាស្រាវជ្រាវនេះនិយាយថា ក្បួនដោះស្រាយដែលប្រើ AI នេះ អាចមានសក្តានុពលដាស់តឿនកសិករ អាចដឹងពីអារម្មណ៍អវិជ្ជមាននៅក្នុងខ្លួនសត្វជ្រូក ដូច្នេះបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឱ្យសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេកាន់តែប្រសើរឡើង៕
