ខេត្តមណ្ឌលគីរី÷ ក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់អ្នកកាសែត កាលពីយប់ថ្ងៃទី ១៧ឆ្លងចូលទី១៨ខែតុលាឆ្នាំ២០២៤នេះថា ឈើទាំងនេះត្រូវបានដឹកចេញពីតំបន់អូរច្រារ នៅក្នុងដែនថ្នាក់ការរងស្រែផ្លែង នៃដែនជម្រកសត្វព្រៃកែវសីមា។ប្រភពនេះប្រាប់ថា ការដឹកជញ្ជូនឈើតាមម៉ូតូមិនមានអ្វីជួបប្រទះនឹងការលំបាកឬហាមឃាត់ពីសមត្ថកិច្ចជំនាញនោះឡើយ។ គេអាចដឹកជញ្ជូនឈើចេញពីតំបន់អូរច្រារ បានជាធម្មតា ដោយការសម្របសម្រួលជាមួយប្រធានថ្នាក់ការរងស្រែផ្លែង ដែលឈរជើងនៅទីនោះជាយូរឆ្នាំណាស់មកហើយ។
ប្រភពពីអ្នករកស៊ីដឹកឈើតាមម៉ូតូបានប្រាប់ថា ពួកគេបានសម្របសម្រួល ជាមួយសមត្ថកិច្ចជំនាញបរិស្ថានស្រែផ្លែង លោកញឹម តុលា ទាំងអ្នកចូលព្រៃដើម្បីកាប់ឈើនិងអ្នកដឹកជញ្ជូនឈើ។ មានន័យថា អ្នកចូលព្រៃកាប់ឈើត្រូវសម្របសម្រួលជាមួយ លោកញឹម តុលាមួយតង់និងអ្នកដឹកជញ្ជូន ក៏ត្រូវសម្របសម្រួល១តង់ទៀត។ ប្រភពអ្នកដឹកឈើតាមម៉ូតូបន្ថែមថា”បង តុលាគាត់ស្រួលទេ,គាត់នៅស្រែផ្លែងយូរមកហើយ នរណាក៏ស្គាល់គាត់ដែរ,គាត់ត្រូវការបាយ-ទឹកនិងឲ្យមេៗនាយកគាត់ដែរ”។ ប្រភពនេះនិយាយថា”ម៉ូតូ១គ្រឿងជូនបងតុលា៤-៥ម៉ឺនគ្រាន់គាត់បានចាក់ប្រេងទិញបាយស៊ី”។
នៅរដូវវស្សា ពួកអ្នករកស៊ីដឹកជញ្ជូនឈើតាមម៉ូតូមិនសស្រាក់សស្រាំដូចខែប្រាំងនោះទេ។ នៅរដូវវស្សា អ្នក រកស៊ីខ្លះជាប់រវល់ធ្វើចំការ និងផ្លូវពិបាកដឹកជញ្ជូន។ យ៉ាងណាក៏ដោយអ្នកដឹកឈើ នៅតែអាចធ្វើសកម្មភាពបានខ្លះ ៗដើម្បីជួយចិញ្ចឹមសមត្ថកិច្ចមក៏ដូចជាជំនាញបរិស្ថាន។ ប្រភពរាយការណ៍ថា ជាមធ្យមអ្នកដឹកជញ្ជូនឈើក្នុង១ ថ្ងៃៗនៅសល់ជាង១០គ្រឿងប៉ុណ្ណោះ។ បើនៅរដូវប្រាំងអាចច្រើនជាង២០ គ្រឿង។ ក៏ប៉ុន្តែតម្លៃការបង់ឲ្យសមត្ថកិច្ចបរិស្ថាននៅរដូវប្រាំងក៏កើនឡើងដែរ ពោល គឺដល់៨ម៉ឺនរៀលក្នុងម៉ូតូ១គ្រឿង។
ប្រភពប្រាប់ដឹងថា លោកញឹម តុលា ឈរជើងយ៉ាងរឹង មាំក្នុងនាមប្រធានស្នាក់ការរងស្រែផ្លែង អស់រយៈពេលយូរឆ្នាំមកហើយ ដោយសារតែលោក គឺជាបងប្អូននឹងលោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រក សត្វ ព្រៃកែវសីមា។ ដូច្នេះមានន័យថា លោកញឹម តុលា គឺជាប្រភពបាយ-ទឹកនិងប្រេងសាំងសម្រាប់ស៊ិន សត្ថា ផ្ទាល់តែម្ដង។ ដោយសារតែបងប្អូននឹងនេះហើយ ទើបលោកប្រធានស្នាក់ការរងស្រែផ្លែង អាចឈរជើងបានរឹងមាំនិងយូរឆ្នាំរហូតដល់ពេលនេះពីព្រោះថាស្នាក់ការរងស្រែផ្លែង អាចនិយាយបានថា ជាកន្លែងខ្លាញ់មួយផងដែរ។
បញ្ហាបទល្មើសការដឹកជញ្ជូនឈើចេញ ពីតំបន់បរិស្ថានកែវសីមាត្រូវប្រភពអះអាងថា បានកើតមានជាធម្មតា។ដោយមិនមានការរំខានពីសមត្ថកិច្ចជំនាញបរិស្ថាននោះឡើយ។ តំបន់ដែនជម្រកសត្វព្រៃយ៉ាងហោចណាស់ ២ កន្លែងដែលមានសកម្មភាពរស់រវើកក្នុងបទល្មើសនោះគឺបានជម្រកកែវសីមាក្រោមការគ្រប់គ្រង របស់លោកស៊ិន សត្ថា និងដែនជម្រកសត្វព្រៃភ្នំព្រិច ក្រោមការគ្រប់គ្រងរបស់លោកព្រហ្មវិបុលរតនៈ។ ពួកឈ្មួញរកស៊ីដឹកជញ្ជូនឈើចាត់ទុកទង្វើរបស់ខ្លួនថាជាគុណសម្បត្តិដែលបានជួយចិញ្ចឹមឆ្នាំងបាយពួកមន្ត្រីបរិស្ថានទាំងនោះ៕
