Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អំណាចឈ្មួញឈើនៅមេម៉ង់ ឈ្មោះរ៉ាន់ ខ្លាំងរហូតប៉ុនប៉ងផ្ដាច់ជីវិតក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល

ខេត្តមណ្ឌលគិរី÷ រឿងរ៉ាវនៅលើដងផ្លូវ ដែលបានកើតឡើងនៅខេត្ត មណ្ឌលគីរីកាលពីប៉ុន្មានថ្ងៃមុននោះ គឺបានបង្ហាញអំពីអំណាចរបស់ឈ្មួញឈើឈ្មោះរ៉ាន់ រស់នៅតំបន់មេម៉ង់ ជាប់ជាយរបងដែនជម្រកសត្វព្រៃភ្នំព្រិច ក្រោមការគ្រប់គ្រងរបស់លោកព្រហ្ម វិបុលរតនៈ ប្រធានការិយាល័យនោះគឺបានបង្ហាញឲ្យឃើញថា ឈ្មួញឈើឈ្មោះរ៉ាន់ មិនញញើត នឹងសម្លាប់ជីវិតមនុស្សដើម្បីរបររកស៊ីរបស់ខ្លួននោះឡើយ។

ក្រុមជនរងគ្រោះ ដែលជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយបានដាក់ពាក្យបណ្ដឹង ចូលទៅស្នងការនគរបាលខេត្ត សូមកិច្ចអន្តរាគមន៍ដើម្បីឲ្យចាត់វិធានការច្បាប់ និងសំណងដល់ជនរងគ្រោះ។ បណ្តឹងនេះសរសេរថា ប្តឹង ឈ្មោះវ៉ាន់ ជាអ្នកបើកបររថយន្តដឹកបទល្មើសព្រៃឈើបើករថយន្តម៉ាកធុនត្រាពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2S-3534 មានបំណងបើកមកបុករថយន្តរបស់ ម៉ាក លុចស៊ីស (LEXUS) RX300ពណ៌ខ្មៅដែលជារថយន្ត របស់មន្ត្រី អង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ ក្នុងគោលបំណងធ្វើមនុស្សឃាត លើមន្ត្រីអង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ ពេលចុះបំពេញការងារ។

នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមជនរងគ្រោះ សរសេរបន្ត ថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨ យប់ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបើករថយន្តម៉ាក លុចស៊ីស RX300 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2H-6664 ជិះគ្នាបីនាក់ចេញពីទីរួមខេត្ត គោលដៅទៅកន្លែងត្រៀមធ្វើថ្នាលបណ្តុះកូនឈើ ហើយដើម្បីទៅអង្កេតមើលបទល្មើសព្រៃឈើ និងសត្វព្រៃផង ដែលមាន ទីតាំងភូមិសាស្ត្រនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ។ លុះពេលមកដល់កន្លែង កើតហេតុវេលាម៉ោងប្រហែល៩ជាងយប់ ក៏ឃើញមានរថយន្ត១គ្រឿង បើកបរច្រាសទិសគ្នា ចេញពីមេម៉ង់ឆ្ពោះមកខេត្តយ៉ាងលឿន។

ក្រុមជនរងគ្រោះសង្ស័យប្រហែលជារថយន្តដឹកបទ ល្មើសព្រៃឈើ ក៏បានវាយភ្លើងរថយន្តជាសញ្ញា ដើម្បីឱ្យរថយន្តបន្ថយល្បឿន និងអែបកៀន ដើម្បីត្រួតពិនិត្យក៏ប៉ុន្តែរថយន្តធុនត្រាខាងលើមិនបានបន្ថយល្បឿន និង អែបកៀននោះទេ បែរជាបន្ថែមល្បឿន បើកមកបំបុករថយន្ត RX 300 ចំកណ្តាល និងត្រូវចំទ្វារ កង់ក្រោយ បណ្តាលឱ្យខូចខាតទាំងស្រុង និងធ្វើអោយមន្ត្រីអង្គការម្នាក់ឈ្មោះ សែម យឿន ភេទ ប្រុស រងរបួសធ្ងន់បាក់ឆ្អឹងជំនីខាងស្តាំ ៥កាំ។

នៅក្នុងពាក្យបណ្ដឹងបានឲ្យដឹងទៀតថា បន្ទាប់មកក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបើកទ្វាររថយន្តរត់មក កន្លែងរថយន្តបង្ក ស្រាប់តែតៃកុងរថយន្តដឹកឈើ ឈ្មោះ រ៉ាន់ និងព្រូរថយន្តម្នាក់ទៀត បានបើកទ្វារឡានរត់គេច ហើយបានស្រែកគំរាមឱ្យថា”អញបុកឱ្យងាប់” ដោយមានការភ័យខ្លាចក្រុមជនរងគ្រោះមិនហ៊ានដេញតាម ក៏ត្រឡប់មក មើលជនរងគ្រោះវិញ ហើយបានរាយការណ៍ជូនប្រធានមន្ទីរបរិស្ថានខេត្តស្តីទី និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីជ្រាបជូនជាព័ត៌មាន។

នេះគឺជាអ្វីដែលបង្ហាញឲ្យឃើញថា ពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើមានអំណាចធំធេង។ មិនតែប៉ុណ្ណោះវាក៏បញ្ជាក់ផងដែរថា សកម្មភាពដឹកបទល្មើសឈើនៅតែបន្តកើតមានចេញពីតំបន់ដែនអភិរក្សភ្នំព្រិចនៃស្នាក់ការរងមេម៉ង់ ក្រោមអំណាចរបស់លោកប្រធានការិយាល័យដែលជម្រកព្រហ្ម វិបុលរតនៈ។ គេរំពឹងថា ករណីនេះលោកស្នងការនគរបាលខេត្តមណ្ឌលគិរី នឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះផង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299